កីឡាករ Alexis Sánchez និយាយថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona កីឡាករ Lionel Messi បានយំបន្ទាប់ពីក្រុមរបស់គេបានចាញ់ Chelsea នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រត្រ Champions League កាលពីឆ្នាំ ២០១២។
Messi បានធ្វើអោយខកខានឱកាសស៊ុតបញ្ចូលទីបាល់ ១១ម៉ែត្រ ធ្វើអោយក្រុមកាតាឡាន់ដែលបាននាំមុខ ២-០ មុនក្នុងការប្រកួតត្រូវក្រុមតោខៀវតាមបាន ២-២វិញ ដោយភាគីខាង Chelsea នៅសល់តែកីឡាករ១០នាក់ប៉ុណ្ណោះបន្ទាប់ពីខ្សែការពារ John Terry ត្រូវបានបណ្ដេញចេញពីការប្រកួត ហើយបើគិតសរុបលទ្ធផលទាំងពីរជើងក្រុមអង់គ្លេសបានយកឈ្នះ ៣-២។
Sánchez ដែលកាលនោះនៅជាកីឡាកររបស់ Barcelona បានបង្ហាញភាពឈឺចាប់ នៅពេលដែលអតីតក្រុមរបស់ខ្លួនបរាជ័យក្នុងការប្រកួតនោះ។ ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមរូបនេះក៏បានសង្កត់ធ្ងន់ទៅលើ ប្រាក់កំរៃដែលកីឡាករទទួលបានពីអាជីពជាកីឡាករបាល់ទាត់ផងដែរ។
កីឡាករសញ្ជាតិឈីលីថ្លែងប្រាប់ Sky Sports ថា៖ “ខ្ញុំគិតថាបាល់ទាត់បានជួយជីវិតមនុស្សជាច្រើន។ វាអាចផ្ដល់នូវជីវិតពោរពេញដោយភាពហ៊ឺហារ ប៉ុន្ដែអ្នកខ្លះមិនដែលដឹងថា មានអ្វីបានកើតឡើងនៅពីក្រោយជីវិតជាកីឡាករបាល់ទាត់នោះទេ”។
“ពួកគេត្រូវបែកពីគ្រួសារ ឬ ខកខានថ្ងៃខួបកំនើតម្ដាយរបស់គេ ហើយកីឡាករជាច្រើនមិនមានឱកាសនៅក្បែប្រពន្ធ ពេលដែលកូនរបស់គេបានសំរាលនោះទេ”។
“គេប្រហែលជាយំនៅពេលក្រុមរបស់គេចាញ់ ប្រកួតផ្ដាច់ព្រត្រ។ ហើយខ្ញុំបានឃើញ Leo [Messi] យំ នៅបន្ទប់ផ្លាស់សំលៀកបំពាក់បន្ទាប់ពីប្រកួតជាមួយនឹង Chelseaបានបញ្ចប់។
អតីតកីឡាករក្រុមកាំភ្លើងធំក៏បានលើកឡើងអំពី មនុស្សមួយចំនួនបានតែនិយាយរិះគន់ទៅលើទម្រង់លេងរបស់កីឡាករ ឬ រថយន្ដទំនើបដែលកីឡាករទាំងនោះជិះតែប៉ុណ្ណោះ ហើយសំរាប់រូបគេផ្ទាល់ មិនអាចតំរូវចិត្តមនុស្សបានគ្រប់គ្នានោះទេ គេចង់ធ្វើអោយជីវិតរីករាយជាមួយនឹងអ្វីដែលគេមាន៕