លោក Musashi Mizushima គ្រូបង្គោលក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំឲ្យដឹងថា នៅខែតុលា ខាងមុខ នឹងមានក្រុមយុវជនជប៉ុនមកប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយក្រុមរបស់លោកដែលគិតថា នេះជាឱកាសដ៏ល្អដើម្បីផ្លាស់ប្ដូរបទពិសោធ។
គ្រូបង្វឹកជនជាតិជប៉ុនប្រាប់ថា ក្រុមដែលនឹងមកកាន់កម្ពុជានៅខែតុលា ខាងមុខមានមូលដ្ឋាននៅខេត្ត Fukushima ហើយថា ពួកគេមានសមត្ថភាពប្រហាក់់ប្រហែលក្រុមរបស់លោកដែរ ដូច្នេះ វានឹងក្លាយជាការប្រកួតដ៏ល្អសម្រាប់ក្រុមទាំង២។
គ្រូបង្គោលជម្រើសជាតិ U19 កម្ពុជា ឲ្យដឹងបែបនេះ ៖ “នៅខែតុលា ខាងមុខ នឹងមានក្រុមកម្រិតយុវជនមួយពីខេត្ត Fukushima ប្រទេសជប៉ុន មកប្រកួតមិត្តភាពដកស្រង់បច្ចេកទេសនៅកម្ពុជា។ សមត្ថភាពរបស់ពួកគេប្រហាក់ប្រហែលនឹងយើងដែរ អ៊ីចឹងនេះជាឱកាសល្អមួយសម្រាប់យើង។ ខ្ញុំគិតថា បើយើងបានប្រកួតមិត្តភាពអន្តរជាតិបែបនេះច្រើន យើងនឹងបានបទពិសោធច្រើន បង្កើនសមត្ថភាពរបស់ពួកយើងនៅថ្ងៃមុខ”។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ U19 កម្ពុជា ក៏ទើបតែចូលរួមការប្រកួតពានរង្វាន់ AFF U19 Championship នៅប្រទេសឥណ្ឌូនេស៊ី កាលខែកក្កដា ដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ក្នុងពូល៕
ប្រភពពី៖ PNN Sports