Home ពត៍មានថ្មីៗ បច្ចេកវិទ្យា ក្រុមអ្នកវិទ្យាសាស្ត្រ​អះអាង​ពីរបៀបថ្មី នៃការកកើត​ព្រះច័ន្ទទាំងពីរ​របស់ភព​ព្រះអង្គារ!

ក្រុមអ្នកវិទ្យាសាស្ត្រ​អះអាង​ពីរបៀបថ្មី នៃការកកើត​ព្រះច័ន្ទទាំងពីរ​របស់ភព​ព្រះអង្គារ!

2536

ភពអង្គារ (Mars) ប្រហែលជាទទួល​បានព្រះច័ន្ទតូចៗ​ទាំងពីររបស់ខ្លួន ក្រោយពីវត្ថុទំហំប៉ុន​អាចម៍ផ្កាយមួយ បានទៅបុកចំផ្ទៃ​​នៃ​ភពក្រហមនេះយ៉ាង​ពេញទំហឹង។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​ វែបសាយ Space.com នៅព្រឹក​ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ​២០១៨។

យោងតាមលទ្ធផល​នៃការធ្វើគំរូពិសោធន៍​ថ្មីៗ ទំនងជាបាន​បង្ហាញថា វត្ថុអវកាសមួយ អាចមានទំហំ​​​ប្រហាក់ប្រហែល នឹង​វត្ថុ​ដែល​ធំ​បំផុត​​នៅ​ក្នុង​​តំបន់ខ្សៃក្រវាត់​អាចម៍ផ្កាយ (Astroid Belt) ប្រហែលជា​បានទៅទង្គិចនឹង​ផ្ទៃរបស់ ភពអង្គារ រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​រូប​​ធាតុ​​នា​​នា​នៅ​​លើ​ភព​នេះខ្ទាត​ខ្ចាត់​ខ្ចាយ​ទៅក្នុងលំហអាកាស​ ​គ្រប់គ្រាន់ល្មម​ដើម្បីបង្កើត​ចេញ​ជា​ព្រះច័ន្ទទាំងពីរ​​របស់ភពអង្គារ គឺព្រះច័ន្ទ Phobos និង Deimos ដែលមាន​រូបរាងដូចអាចម៍ផ្កាយ (មិនមូល)។

អ្នកវិទ្យាសាស្រ្តបាន​បន្តជជែកដេញដោល អំពីដើមកំណើត​នៃព្រះច័ន្ទទាំងពីរ​របស់ Mars អស់រយៈពេលរាប់​ទសវត្សរ៍មក​ហើយ។ ដោយអ្នក​ខ្លះបាន​លើកឡើងថា ពួកវាប្រហែល​ជាបានត្រូវលួចទាញ​ យកមក​ពីតំបន់​ខ្សែក្រវាត់​អាចម៍ផ្កាយ និងខ្លះទៀតថា​ ពួកវាបាន​កកើតឡើង​​ចេញ​ពីបណ្តុំកងរង្វង់​ នៃកម្ទេចកម្ទីរក្នុង​ទីអវកាស នៅជុំវិញភពក្រហម Mars។ យ៉ាងណាមិន ដោយសារតែជាក់​ស្តែងព្រះច័ន្ទទាំង​ពីរនេះ មានគន្លងធ្វើ​ដំណើរ​ស្ទើរតែជារង្វង់​យ៉ាងស្មើល្អ​ នៅជុំវិញបន្ទាត់​អេក្វាទ័រនោះ ការលើកថា​ពួកវាបានចាប់​កំណើតឡើង​ដោយបាតុភូតប៉ះ​ទង្គិចគ្នា គឺមាន​លទ្ធភាព​ខ្ពស់​បំផុត។

ព្រះច័ន្ទ​ដែលកកើតឡើង​ដោយកម្ទេចកម្ទីរ​អវកាស ក្រោយការប៉ះទង្គិចគ្នា​នោះ គឺពុំមែនជារឿងថ្មី​នោះឡើយ តួយ៉ាងព្រះច័ន្ទ​​របស់ភពផែនដី​​យើងនេះ ក៏ត្រូវគេជឿជាក់ថា​ បានកើតឡើង​បន្ទាប់ពីវត្ថុអវកាសមួយ​ទំហំប៉ុន​ភពអង្គារ បានមកបុកចំ​ផ្ទៃនៃភពរបស់យើង កាលពី​៤​.៥ពាន់​លានឆ្នាំមុន។ សម្រាប់ Phobos មានមុខកាត់ ២២.២គីឡូម៉ែត្រ និង Deimos ១២.៦គីឡូម៉ែត្រ។

បច្ចុប្បន្ន​ព្រះច័ន្ទ Phobos កំពុងវិលរំកិល​ចូលទៅកៀកនឹង​ភពអង្គារ ហើយអាចនឹង​ទៅបុកជាមួយផ្ទៃ​នៃភពនេះ នៅក្នុងរយៈ​ពេល ៥០លានឆ្នាំទៀត ខណៈព្រះច័ន្ទ Deimos នឹងរួចផុត​ករណីនេះ ដោយសារតែវា​កំពុងវិលរំកិលខ្លួន​យ៉ាងសន្សឹមៗឃ្លាត​ទៅឆ្ងាយពី​ Mars។ ទោះបីជាបែបនេះក្តី ៥០លានឆ្នាំពិតជាយូរណាស់ ប៉ុន្តែមនុស្សនឹងរកវិធីទប់ស្កាត់រឿងនេះ មុននឹងវាត្រូវកើតឡើងនោះ ប្រសិនជា​ភពអង្គារ គឺជាជម្រក​របស់មនុស្សនៅពេលអនាគត។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៤ ទីភ្នាក់ងាររុករក​ទីអវកាសរបស់​ប្រទេសជប៉ុន JAXA គ្រោងបឹងបញ្ជូន​យានអវកាស MMX ទៅកាន់​ព្រះ​ច័ន្ទ​ទាំងពីររបស់ Mars ហើយយាន MMX នឹងធ្វើការចុះចត​នៅលើផ្ទៃរបស់​ព្រះច័ន្ទ Phobos និងប្រមូលគំរូតាង​នានានៅទីនោះ ហើយវិល​ត្រឡប់មកកាន់ផែនដី​វិញនៅឆ្នាំ២០២៩។ គោលដៅចម្បង​របស់បេសកកម្មនេះ គឺដើម្បីកំណត់​រកដើមកំណើត​ឲ្យ​ប្រាកដ នៃ​ព្រះច័ន្ទ Phobos និង Deimos៕