មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា ដីស្រែរបស់ប្រជាកសិករជាង៣ហិកតា នៅស្រុកបាភ្នំ ខេត្តព្រៃវែង បាននិងកំពុងរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងមិនមានទឹកបញ្ចូលស្រែ ដើម្បីការលូតលាស់។
ចំពោះនឹងបញ្ហានេះ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានបញ្ជាឲ្យរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ទីរធនធានទឹកខេត្តព្រៃវែង រួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅដល់គោលដៅ ដើម្បីជួយអន្តរាគមន៍នាំទឹកចាក់បញ្ចូលស្រែជូនប្រជាកសិករឡើងវិញ។
នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា គិតមកដល់ពេលនេះ ដីស្រែរបស់ប្រជាកសិករតែ ជាង៣ហិកតាទេ នៅមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង បាននិងកំពុងជួយគ្រោះរាំងស្ងួត ប៉ុន្តែក្រុមការងាររបស់ក្រសួងដឹកនាំដោយលោកស្រី សេង វ៉ានសាយ និងអនុរដ្ឋលេខាធិការលោកស្រី វ៉ាន់ ចាន់ថូ រួមសហការជាមួយមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងជួយអន្តរាគមន៍ជូនហើយ៕
ប្រភពពី៖ Freshnews