ប្រជាជនរស់នៅកោះ Tawi-tawi ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកនេសាទម្នាក់ ចាប់បានមឹកប្រវែងដល់ទៅ ២.៤ម៉ែត្រឯណោះ។
ក្រោយចាប់បាន អ្នកនេសាទ ២ ទៅ៣នាក់ បានសហការគ្នាស្រង់មឹកយក្សនេះមកលើឆ្នេរ។ លោក Harold Eduardo Curtis ជាអ្នកនេសាទមួយរូប ដែលស្ថិតនៅក្នុងហេតុការណ៍នេះដែរបាននិយាយថា៖
«ខ្ញុំស្គាល់អ្នកដែលនេសាទបានមឹកយក្សនេះ ។ វាពិតជាពិបាកស្រង់មឹកនេះមកលើគោក ព្រោះវាធ្ងន់ខ្លាំងមែនទែន។ លក្ខណៈពិសេសរបស់មឹកនេះ គឺវាមានសាច់សចាំង និងមានសុខភាពល្អ ហើយថែមទាំងមានអាយុតិចទៀតផង។»
អ្នកភូមិជាច្រើនមានអារម្មណ៍រំភើប នៅពេលដែលពួកគេស្រមៃដល់រសជាតិសាច់របស់វា នៅពេលដែលវាត្រូវបានគេយកទៅចម្អិន។
សូម្បីលោក Curtis ក៏បានបង្ហាញអារម្មណ៍ដូចអ្នកភូមិដែរ។ លោកនិយាយថា៖
«សាច់របស់វានឹងឆ្ញាញ់ខ្លាំង។ វាគឺជាមឹកដែលធំជាងគេបង្អស់ ក្នុងចំណោមមឹកដែលខ្ញុំធ្លាប់ឃើញពីមុនមក។ មើលទៅវាដូចជាកូនចៅរបស់ពពួកមឹកយក្សយ៉ាងអីចឹងដែរ ដូច្នេះថ្ងៃក្រោយៗទៀត ពួកយើងប្រហែលនឹងបានឃើញមឹកដែលធំៗបែបនេះ ឬធំជាងនេះទៀតក៏ថាបាន។»