Home ពត៍មានថ្មីៗ ប្លែកៗ ចិនចិញ្ចឹមកន្លាត ៣០០លានក្បាល ដើម្បីធ្វើបែបនេះ

ចិនចិញ្ចឹមកន្លាត ៣០០លានក្បាល ដើម្បីធ្វើបែបនេះ

2571

សត្វកន្លាតត្រូវបានគេចាត់ទុកថាជាសត្វល្អិតចង្រៃ ដោយសារវាបំផ្លាញដំណាំ និងជាភ្នាក់ងារចម្លងជំងឺផងដែរ។ ទោះជាយ៉ាងណា មជ្ឈមណ្ឌលកែច្នៃកាកសំណល់មួយនៅភាគខាងជើងនៃខេត្ត Shandong បានផ្ដល់តម្លៃឲ្យសត្វល្អិតប្រភេទនេះខ្លាំងណាស់។

 

គេបានចិញ្ចឹមសត្វកន្លាតជាង ៣០០លានក្បាលដើម្បីឲ្យពួកវាស៊ីកាកសំណល់ផ្ទះបាយ ដែលមិនបំពុលបរិស្ថាន។

 

តើគេធ្វើវាបានតាមរបៀបណា? លោក Li Yanrong ដែលជានាយកនៃមជ្ឈមណ្ឌលកែច្នៃកាកសំណល់បានថ្លែងថា គាត់បានចិញ្ចឹមកន្លាតអស់រយៈពេល ៧ឆ្នាំមកហើយ និងបានរកឃើញថាសត្វកន្លាតអាចយកសំរាមជាអាហារបាន ហើយវាថែមទាំងស្រូបយកជាតិពុល និងក្រោយមកវាបញ្ចេញកាកសំណល់មកវិញជាធាតុស័ង្កសី និងធាតុដែកទៀតផង។

 

លោក Li បានបន្តទៀតថា បើប្រៀបធៀបទៅនឹងការចោលកាកសំណល់តាមបែបកប់ក្នុងដី ការប្រើកន្លាតដើម្បីបំផ្លាញកាកសំណល់ ជារឿងល្អសម្រាប់បរិស្ថានខ្លាំងណាស់ ហើយវាថែមទាំងចំណាយថវិកាតិចទៀតផង។

សត្វកន្លាតដែលលោក Li ចិញ្ចឹមគឺជាសត្វកន្លាតអាមេរិក ដែលវាគឺខុសពីកន្លាតធម្មតាដែលមាននៅប្រទេសចិន។ កន្លាតអាមេរិកមានរាងធំ និងចូលចិត្តស៊ីអាហាររលួយ ហើយលើសពីនេះទៅទៀត វាអាចសុីសំរាមបានច្រើន។

ដោយសារមជ្ឈមណ្ឌលនេះមានកន្លាតដល់ទៅ ៣០០លានក្បាល វានាំឲ្យគេអាចធ្វើការកែច្នៃសំរាម ១៥តោនក្នុងមួយថ្ងៃបាន។

លោក Li បានឱ្យដឹងទៀតថា ខ្លួនរបស់សត្វកន្លាតក៏មានប្រយោជន៍ដែរ ដោយសារគេអាចយកវាមកប្រើជាឱសថបាន បើគេកិនវាឲ្យម៉ត់ដូចជាម្សៅ។

គាត់បាននិយាយថា «តាមការស្រាវជ្រាវរបស់យើងបានរកឃើញថា ម្សៅម៉ត់ដែលធ្វើពីកន្លាតអាចប្រើជំនួសថ្នាំពេទ្យបានមួយកម្រិត។ ហើយយើងក៏កំពុងរកវិធីដើម្បីប្រើវាដើម្បីជួយសម្រកទម្ងន់ ថែរក្សាសុខភាព និងសម្រស់ផងដែរ»។

គាត់បានបន្ថែមថា លាមករបស់កន្លាតអាចត្រូវបានគេប្រើសម្រាប់ធ្វើជាជីសម្រាប់ដំណាំផ្សេងៗទៀតផង។

បច្ចុប្បន្នគេកំពុងសាងសង់អគារថ្មីមួយទៀត សម្រាប់មជ្ឈមណ្ឌលនេះ ហើយគេរំពឹងថាគេនឹងអាចសម្រេចវានៅចុងឆ្នាំនេះ។ នៅពេលបញ្ចប់ គេជឿជាក់ថាវានឹងអាចផ្ទុកសត្វកន្លាតចំនួន ៤ពាន់លានក្បាលបាន ដែលវានឹងនាំឲ្យគេអាចកែច្នៃសំរាម ៧មុឺនតោនក្នុងមួយឆ្នាំៗឯណោះ៕