ការទទួលទានអាហារពេលល្ងាចមួយកាលពីថ្ងៃទី ៧ ខែឧសភានេះ រវាងនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងនាយករដ្ឋមន្ត្រីអុីស្រាអែល Benjamin Netanyahu រួមជាមួយភរិយារបស់នាយករដ្ឋមន្ត្រីរបស់លោកទាំងពីរផងនោះ ត្រូវបានរំខានដោយរឿងដែលមិនគួរមួយ គឺចុងភៅខាងអុីស្រាអែលបានដាក់បង្អែមក្នុងស្បែកជើងដើម្បីទទួលថ្នាក់ដឹកនាំ។
ស្របពេលដែលក្នុងប្រទេសមួយចំនួន គិតថាវាគ្រាន់តែជារឿងចម្លែកមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែជនជាតិជប៉ុនគឺជាជនជាតិមួយ ដែលគិតថាការធ្វើបែបនេះគឺជារឿងប្រមាថយ៉ាងខ្លាំង។
ជនជាតិអុីស្រាអែលម្នាក់ដែលជាបុគ្គលិកជាន់ខ្ពស់ធ្វើការក្នុងស្ថានទូតអុីស្រាអែលប្រចាំនៅប្រទេសជប៉ុនបាននិយាយថា «វាគឺជាជម្រើសមួយដែលល្ងង់ ហើយមិនបានគិតពីអារម្មណ៍អ្នកដ៏ទៃនោះទេ»។
គាត់បានបន្តទៀតថា «នៅក្នុងវប្បធម៌ជប៉ុន គ្មានអ្វីដែលគេស្អប់ខ្ពើមជាងស្បើកជើងនោះទេ។ ជនជាតិគេមិនដែលពាក់ស្បែកជើងចូលផ្ទះទេ សូម្បីតែការិយាល័យធ្វើការក៏គេមិនពាក់ចូលដែរ។ ហើយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសមាជិកសភា របស់គេក៏មិនពាក់ស្បែកជើងចូលទៅកន្លែងធ្វើការដែរ ការដែលអុីស្រាអែលធ្វើនេះ គឺវាស្មើទៅនឹងការធ្វើសូកូឡារូបជ្រូកឲ្យជនជាតិជ្វីហ្វហូបអីចឹង»។
ចុងភៅនេះមើលទៅហាក់ដូចជាមានមោទនភាពទៅលើ ការច្នៃប្រឌិតរបស់ខ្លួនណាស់ ដោយគាត់បានបង្ហោះរូបមុខម្ហូបរបស់គាត់ដែលបានដាក់បម្រើជូនថ្នាក់ដឹកនាំប្រទេសទាំងពីរនេះទៅកាន់បណ្ដាញសង្គម Instagram ជាច្រើនសន្លឹក។ គេមិនប្រាកដថាចុងភៅដ៏ល្បីល្បាញលោក Segev Moshe ធ្វើនេះចង់បានន័យថាម៉េចនោះទេ ក៏ប៉ុន្តែអ្វីដែលគេដឹងនោះគឺ វាបានធ្វើឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំងពីសាធារណៈជន។
ចំណែកខាងអ្នកការទូតជប៉ុនម្នាក់វិញបាននិយាយថា «គ្មានវប្បធម៌ជនជាតិណាដាក់ស្បែកជើងលើតុបាយនោះទេ។ តើចុងភៅនោះធ្វើឡើងចង់តំណាងឲ្យអ្វី? បើគេចាត់ទុកវាថាជារឿងកំប្លែង ជនជាតិយើងអត់បានសើចនោះទេ។ ជនជាតិយើងពិតជាអាក់អន់ចិត្តនិងខឹងជំនួសឲ្យនាយករដ្ឋមន្ត្រីរបស់យើងណាស់»។
អ្នកដែលជិតស្និទ្ធជាមួយនឹងចុងភៅដ៏ល្បីល្បាញនេះ បាននិយាយថាស្បែកជើងទាំងនោះគឺគ្រាន់តែជារូបចម្លាក់ដែកតែប៉ុណ្ណោះ មិនមែនជាស្បែកជើងពិតប្រាកដនោះទេ។ ក៏ប៉ុន្តែគេមិនដឹងថាស្បែកជើងនោះជាដែក ឬមិនដែកអាចជួយឲ្យជនជាតិជប៉ុនមានអារម្មណ៍ប្រសើរជាងនេះ ឬអត់នោះទេ៕