ជំងឺបាក់ទឹកចិត្ត ជាជំងឺដ៏កាចសាហាវមួយ ដែលអាចសម្លាប់មនុស្សបាន លឿនជាងជំងឺមហារីកទៅទៀត។ វាធ្វើឲ្យមនុស្សចាប់ផ្ដើម បាត់បង់ការគ្រប់គ្រងលើខ្លួនឯង ក្លាយទៅជាមនុស្សដែលឯកា មើលលែងឃើញពីតម្លៃរបស់ខ្លួនឯង ចាប់ផ្ដើមឃុំខ្លួនឯងជាមួយនឹងកំហុស ដែលបានសាងក្នុងអតីតកាល។ ដំណាក់កាលធ្ងន់ធ្ងរបំផុត គឺដល់ថ្នាក់បញ្ចប់ជីវិតខ្លួនឯងតែម្ដង។
ប្រសិនបើអ្នកកំពុងតែប្រឈមមុខ ជាមួយនឹងជំងឺនេះ សូមសាកល្បងអនុវត្តន៍វិធីខាងក្រោម៖
១ អភ័យទោសឲ្យខ្លួនឯងចំពោះកំហុសរបស់អ្នក
ការគិតពីកំហុសរបស់ខ្លួនឯង អាចធ្វើឲ្យអ្នក មើលពីជម្រើសមិនល្អមួយចំនួន ដែលអ្នកបានធ្វើ ហើយទទួលភាពបរាជ័យ។ វាគ្រាន់តែជាបទពិសោធន៍ ក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ ដូច្នេះសូមអភ័យទោសខ្លួនឯងហើយចាប់ផ្តើមផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី។
២ ផ្តល់ឱកាសឲ្យខ្លួនអ្នកបានសម្រាក
ជាការសម្រាកពីភាពច្របូកច្របល់នៃជីវិត អាចជាការមុជទឹកជាមួយពពុះសាប៊ូ ការអានសៀវភៅ ឬការតាំងសមាធិជាដើម។ ការធ្វើសមាធិ គឺជាវិធីដ៏ល្អមួយដើម្បីសម្រាកចិត្ត និង ខួរក្បាល។
៣ ព្យាយាមរីករាយដោយខ្លួនឯង
វាជារឿងល្អ ប្រសិនបើអ្នកអាចចំណាយពេលវេលា ២ ឬ៣ថ្ងៃ ដើម្បីធ្វើអ្វីមួយដែលដែលចង់ធ្វើ សម្រាប់ខ្លួនអ្នក។ ការធ្វើដូច្នេះ អាចបង្រៀនឲ្យអ្នក រីករាយជាមួយនឹងខ្លួនឯង ហើយមានទំនុកចិត្តច្រើនជាងមុន។
៤ ធ្វើបញ្ជីមួយរៀបរាប់ពី សមិទ្ធផលរបស់អ្នក
ការបង្កើតបញ្ជី ពីអ្វីដែលអ្នកធ្វើបានសម្រេច គឺជាវិធីដ៏ល្អ ដើម្បីឲ្យអ្នកអាចមើលឃើញពី ចំណុចល្អរបស់ខ្លួនឯង។
៥ មើលថែខ្លួនឯង
ប្រសិនបើ មានអ្វីម្យ៉ាងប៉ះទង្គិចចិត្តអ្នក ឬធ្វើឲ្យអ្នកខឹង ចូរអ្នកគិតពីវា។ គិតពីមូលហេតុ ដែលនាំឲ្យអ្នកខឹងក្រោធ។ និយាយវាចេញមក តាមសម្រួល រួចពិភាក្សា ដើម្បីរកវិធីដោះស្រាយ។ ប្រសិនបើអ្នកលាក់វាទុកក្នុងចិត្ត វានឹងក្លាយទៅជាសម្ពាធ ព្រោះមនុស្សជាច្រើន ដែលកើតជំងឺបាក់ទឹកចិត្ត គឺដោយសារតែពួកគេ ព្យាយាមបិទបាំងអារម្មណ៍នៃកំហឹងរបស់ខ្លួនឯង។
៦ កុំផ្តាច់ខ្លួនអ្នកពីមនុស្សជុំវិញខ្លួន នៅពេលដែលអ្នកក្រៀមក្រំ
នៅពេលដែលអ្នកពិបាកចិត្ត អ្នកប្រហែលជាគិតដល់ ការនៅស្ងៀមៗម្នាក់ឯង ព្រោះមិនចង់ឲ្យអ្នកដទៃបារម្ភជាមួយបញ្ហារបស់អ្នក ពេលខ្លះអ្នកអាចនឹងគិតថា ប្រាប់ទៅក៏គ្មានអ្នកណាអាចជួយអ្នកបាន។
៧ ធ្វើអ្វីដែលអ្នកធ្លាប់ចូលចិត្តធ្វើ … ទោះបីជាអ្នកមិនមានអារម្មណ៍បែបនេះក៏ដោយ
ជំងឺធ្លាក់ទឹកចិត្ត គឺជាស្ថានភាពអារម្មណ៍មួយ ដែលពិបាកបំផុតក្នុងការស៊ូទ្រាំ ព្រោះវាអាចបំផ្លាញឆន្ទៈ និងថាមពលរបស់អ្នក ក្នុងការចូលរួមសកម្មភាព ដែលអ្នកធ្លាប់ចូលចិត្តធ្វើ។ ប្រសិនបើអ្នក បណ្ដោយតាមវា នោះបានន័យថាអ្នកនឹងបាត់បង់ ការគ្រប់គ្រងលើខ្លួនឯងហើយ។
៨ លើកទឹកចិត្តខ្លួនឯង
ចូរផ្ដល់ឲ្យខ្លួនអ្នក នូវអ្វីដែលល្អបំផុត ដូចជាការ បរិភោគអាហារដែលល្អ សម្រាប់សុខភាព។ កុំខកខានឪកាសទៅដំណើរកំសាន្ត។ រៀនស្វែងយល់ពីជីវិតអ្នកដទៃ ដែលមានភាពលំបាកជាងអ្នក ដូចជា មានជីវភាពក្រក្សត់ជាងអ្នក មានអវយវមិនគ្រប់គ្រាន់ដូចអ្នក។ ចូរក្រឡេកមើលទៅពួកគេ ហើយមើលមកខ្លួនអ្នក ថាតើអ្នកមានសំណាងជាពួកគេប៉ុណ្ណាហើយ ដូច្នេះអ្នកគួរតែត្រេកអរ ជាមួយនឹងភាពល្អដែលអ្នកទទួលបានពីធម្មជាតិនេះ៕