Home ពត៍មានថ្មីៗ ប្លែកៗ ឆ្កែ Husky កំសត់មួយក្បាល ត្រូវម្ចាស់បោះបង់ចោល ត្រូវបានបុរសស្រលាញ់សត្វម្នាក់បានយកទៅកែប្រែរូបរាងថ្មី

ឆ្កែ Husky កំសត់មួយក្បាល ត្រូវម្ចាស់បោះបង់ចោល ត្រូវបានបុរសស្រលាញ់សត្វម្នាក់បានយកទៅកែប្រែរូបរាងថ្មី

2249

កាលពី១០ខែមុន ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា Rico Soegiarto បានរកឃើញឆ្កែអនាថាមួយក្បាល ដែលមានរូបរាងមើលមិនយល់ ដោយសារតែ វាត្រូវបានគេបោះបង់ចោល។

ព្រោះតែកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ទើបបណ្តាលឲ្យឆ្កែ Husky ដ៏គួរឲ្យស្រលាញ់មួយក្បាល ប្រែទៅជាឆ្កែដែលមានរាងកាយស្គមស្គាំង ស្ទើរតែឈរទប់ខ្លួនពុំរួច។

លើសពីនេះ រោមរបស់វាក៏បានជ្រុះស្ទើរតែអស់ពីខ្លួន អាក្រក់ខ្លាំង មើលសឹងតែមិនដឹងថាជាពូជឆ្កែ Husky ឡើយ។

ដោយសារតែ ឃើញសភាពដ៏គួរឲ្យអាណិតនេះ បុរសដែលជាអ្នកស្រលាញ់ឆ្កែមួយរូប មកពីឥណ្ឌូនេស៊ី ក៏បានសម្រេចចិត្តនាំវាទៅផ្ទះ និងបានមើលថែទាំវាតែម្តង។

លោក Soegiarto បានឲ្យវាស៊ីចំណីល្អៗ ងូតទឹកសម្អាតរាងកាយ និងយកវាទៅពិនិត្យសុខភាពថែមទៀតផង។

រយៈពេលប៉ុន្មានខែក្រោយមក លោក Soegiarto បានធ្វើឲ្យឆ្កែមួយក្បាល ដែលមានរូបរាងកាយស្គមស្គាំង ប្រែក្លាយទៅជាឆ្កែមួយក្បាល ដែលមានសុខភាពល្អ ដោយការផ្តល់ចំណីដែលជំនួយសុខភាព ព្រមទាំងការរស់នៅ ក្នុងបរិស្ថានល្អផងដែរ។

កាលពីសប្តាហ៍មុននេះ លោកបានបង្ហោះរូបភាពមួយចំនួន ដែលបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ ការផ្លាស់ប្តូរទាំងស្រុងរបស់ឆ្កែ Husky មួយក្បាលនោះ។

រូបភាពទាំងនោះ ត្រូវបានចែកចាយរាប់ពាន់នាក់ ពាសពេញក្នុងបណ្តាញសង្គម ដែលបង្ហាញថា ពួកគេពិតជាសរសើរដល់ទឹកចិត្តរបស់លោក Soegiarto ក្នុងការជួយសង្គ្រោះជីវិតឆ្កែមួយក្បាលនេះណាស់។

តាមរយៈរូបភាពជាច្រើនសន្លឹក ក៏បានបង្ហាញដែរថា Husky ពិតជាសប្បាយ និងរីករាយជាមួយជីវិតថ្មី ដ៏ស្រស់បំព្រងរបស់វាខ្លាំងមែនទែនតែម្តង៕