ឃាតកម្មវាយសម្លាប់និងដុតសពកម្ទេចចោលជាមួយនិងផ្ទះតែម្ដងនោះកាលពីយប់ថ្ងៃទី៩សីហានៅស្រុកចិត្របុរី ខេត្តក្រចេះ ពេលនេះត្រូវបានការឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ពាក់ព័ន្ធលើករណីឃាតកម្មនេះ ដោយមានកិច្ចសហការពីគណៈបញ្ជាការឯកភាពខេត្ត និង មានការសម្របសម្រួលពីលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដែលបានសហការជាមួយកម្លាំងនគរបាលស្រុកចិត្របុរី នេះបើតាមសេចក្តីរាយការណ៍បឋម។
ជនសង្ស័យ៤ នាក់មាន៖ ១-ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ២-ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាសន្តិសុខក្រុមហ៊ុនហនុមានមានរឹទ្ធ ។ ៣-ឈ្មោះ ចឹក ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និង ៤-ឈ្មោះ ចឹក លឹមស្រេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ច នាំទៅសាកសួរនៅស្នងការនគរបាលខេត្ត ដើម្បីបំពេញនីតិវិធី ពាក់ព័ន្ធ នឹង ករណីឃាតកម្មនោះ ។ ទោះជាយ៉ាងណាសមត្ថកិច្ច នៅមិនទាន់បានបញ្ជាក់ពីចម្លើយ ជនសង្ស័យទាំង៤នាក់នោះនៅឡើយទេ ដូច្នោះពាក់ព័ន្ធករណីឃាតកម្មនោះ នៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែល ព្រោះសមត្ថកិច្ចកំពុងធ្វើកិច្ចនេះ ។
នេះគឺជាឃាតកម្មយ៉ាងសាហាវព្រៃផ្សៃដែលកើតឡើងនៅក្នុងពាក់កណ្តាលខែសីហានេះ៕
ប្រភពពី៖ TVFB