វាពិតជាហួសចិត្តខ្លាំងបំផុតដោយសារតែនារីជនជាតិចិនស្រស់ស្អាតម្នាក់ហ៊ានចំណាយលុយនឹងឡានដើម្បីសុំខាងប្រុសដែលស្រលាញ់គ្នារាប់ឆ្នាំរៀបការជាសាធារណៈប៉ុន្តែនៅទីបំផុត បានត្រឹមខកចិត្ត សម្រក់ទឹកភ្នែក ក្រោយត្រូវកូនប្រុសដើមទ្រូង៥ហាត់ ជាមិត្តប្រុសដ៏សែនកំសាកនោះ មិនហ៊ានត្រឹមតែរឿងតូចតាចមួយសោះ។
ហេតុការណ៍សុំរៀបការតែបរាជ័យនេះ ធ្វើឡើងកាលពីថ្ងៃពុធ ទី១៥ សីហា ឆ្នាំ២០១៨ កន្លងទៅនេះ នៅទីតាំងលើស្ពានកញ្ចក់មួយកន្លែង ស្ថិតក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។
នារីជាសង្សារ និងត្រូវបានគេដឹងថាជាកូនអ្នកមាន មានឈ្មោះថា Xiao Jing អាយុ ២៣ឆ្នាំ រីឯមិត្តប្រុសរបស់នាងវិញ ឈ្មោះ Xiaoyu មានអាយុ ២៣ឆ្នាំដូចគ្នា។
បើយោងតាមប្រភពចុះផ្សាយ ពីសារព័ត៌មានចិន South China Morning Post បានរាយការណ៍ឲ្យដឹងថា នៅក្នុងថ្ងៃដ៏ពិសេសនោះ Xiao Jing នាងបានរៀបគម្រោងដើម្បីសុំមិត្តប្រុសរបស់ខ្លួនរៀបការ នៅលើស្ពានកញ្ចក់រាងដូចអក្សរ U សាងសង់លយចេញទៅមាត់ជ្រោះលើភ្នំ Fuxi Mountain ដែលមានកម្ពស់ប្រមាណ ៣៥០ម៉ែត្រផុតពីដី។
នៅក្នុងថ្ងៃសុំមិត្តប្រុសរៀបការនោះដែរ Xiao Jing នាងបានត្រៀមរួចជាស្រេចនូវរថយន្តដ៏ទំនើបមួយគ្រឿង និងលុយមួយកេសសរុប ១០០,០០០យ័ន (ឬប្រហែល ១៤,៥០០ដុល្លារអាមេរិក) ឯណោះ ដើម្បីជាអំណោយដល់មិត្តប្រុសរបស់នាង។
ប៉ុន្តែយ៉ាងណាមិញ Xiao Jing នាងក៏មានលក្ខខណ្ឌ ដែលតម្រូវឲ្យមិត្តប្រុសរបស់នាង ត្រូវតែដើរកាត់ស្ពានកញ្ចក់នេះ សំដៅមករកនាង មិនមែននាងជាអ្នកដើរទៅរកមិត្តប្រុសនាងនោះទេ។
ការធ្វើបែបនេះ ក៏ព្រោះតែ Xiao Jing ដឹងយ៉ាងច្បាស់ថា លោក Xiaoyu ដែលជាមិត្តប្រុស គឺជាមនុស្សម្នាក់ដែលខ្លាចទីខ្ពស់ខ្លាំងបំផុត។ ហើយនាងពិតជាចង់ផ្តល់កម្លាំងចិត្ត ឲ្យមិត្តប្រុសខ្លួនមានភាពក្លាហាន ម្យ៉ាងប្រសិនបើ Xiaoyu ស្រលាញ់នាងពិតនោះ ប្រាកដជាគេអាចហ៊ានដើរកាត់ស្ពានកញ្ចក់នេះ ទៅរកនាងជាមិនខាន។
ក្រោយការរៀបចំរួចរាល់តាមផែនការ មិត្តប្រុសរបស់នាងក៏បានមកដល់តាមការណាត់ជួប ដោយឃើញ Xiao Jing ឈរនៅលើស្ពានកញ្ចក់ ក្នុងឈុតកូនក្រមុំពណ៌សយ៉ាងស្រស់ស្អាត ជាមួយនឹងរថយន្តមួយគ្រឿង និងកេសមួយពោរពេញដោយលុយ។
មិនបង្អស់យូរ Xiao Jing នាងក៏បានទាញមេក្រូហើយនិយាយថា៖
«រយៈពេលដែលពួកយើងស្គាល់គ្នា ៣ឆ្នាំមកហើយ។ អូនពិតជាសប្បាយចិត្តដែលបានជួបបង ប៉ុន្តែអូនមិនអាចរៀបការជាមួយនឹងបងបានទេ ដោយសារតែ បងជាមនុស្សប្រុសដ៏កំសាកម្នាក់។ ប៉ុន្តែមិនអីទេ ព្រោះពេលនេះអូនបានរៀបចំវារួចជាស្រេចសម្រាប់ពួកយើងជាថ្មី។ ហើយអ្វីដែលបងត្រូវធ្វើនៅពេលនេះ បងត្រូវតែដើរកាត់ស្ពានកញ្ចក់នេះមករកអូន បើបងអាចធ្វើវាបាន នោះអូននឹងព្រមរៀបការជាមួយបង» ។
ផ្ទុយទៅវិញ ជារឿងដ៏គួរឲ្យសោកសៅបំផុត ដែលកម្លោះសង្ហាដើមទ្រូង៥ហាត់ ខ្លាចទីខ្ពស់ Xiaoyu នៅតែរុញរាមិនហ៊ានដើរកាត់ស្ពានកញ្ចក់ ទៅរកមិត្តស្រីជាទីស្រលាញ់របស់ខ្លួន បើទោះបីជាមានមិត្តភក្តិជួយជំរុញ និងនាំលោកឲ្យដើរកាត់ស្ពានកញ្ចក់នោះក្តី ក៏លោក Xiaoyu ជម្នះដកខ្លួនទាំងអារម្មណ៍ភិតភ័យ ដើរចេញឆ្ងាយចោលសង្សារស្រីកំសត់ រីឯខាងស្រីបានត្រឹមឈរយំម្នាក់ឯងលើស្ពាននោះ៕