ដំណើររឿងរ៉ាវនៃប្រតិបត្តិការជួយសង្រ្គោះ ក្មេងប្រុសថៃទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ចេញពីរូងភ្នំថាំលួង ស្ថិតនៅខាងជើងប្រទេសថៃ នឹងត្រូវបានរៀបរាប់ឡើងវិញ ដោយក្រុមហ៊ុនថតខ្សែភាពយន្ដអាមេរិក Hollywood។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមហ៊ុនថតខ្សែភាពយន្ដចំនួនពីរ កំពុងសម្លឹងមើលពីកិច្ចសហការរួមគ្នា ក្នុងការថតខ្សែភាពយន្ដស្ដីពី ប្រតិបត្តិការជួយសង្រ្គោះមនុស្សទាំង ១៣នាក់ ខាងលើ ដែលបានជាប់ក្នុងរូងភ្នំថំាលួង សិ្ថតនៅក្នុងខេត្តឈៀងរ៉ាយ នៃភាគខាងជើងប្រទេសថៃ អស់រយៈពេលច្រើនជាង ២ សប្ដាហ៍ មុននឹងមនុស្ស ០៥នាក់ចុងក្រោយ ត្រូវបានយកចេញពីរូងភ្នំនេះទាំងអស់គ្នាកាលពីថ្ងៃអង្គារ។
ក្រុមហ៊ុនទាំងពីរនេះ គឺក្រុមហ៊ុន អ៊ីវ៉ានហ៊ឺ ភីចឈើ (Ivanhoe Pictures) មានការិយាល័យនៅសហរដ្ឋអាមេរិក និងអាស៊ី ហើយផ្ដោតសំខាន់លើតំបន់អាស៊ី និង អាមេរិកខាងជើង។ ចំណែកឯក្រុមហ៊ុនមួយទៀតគឺ ភ្យួរ ហ្វ្លីច (Pure Flix) ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានជំនាញ ខាងខ្សែភាពយន្ដបែបគ្រួសារ៕
ប្រភពពី៖Freshnews