យើងតែងសង្កេតឃើញថា ទារកដែលទើបកើតមក តែងតែស្រែកយំខ្លាំងៗនិងក្ដាប់ដៃយ៉ាងណែន លុះពេលដែលស្លាប់ទៅវិញក៏លាត្រដាងដៃខ្ញាក ។
ត្រង់នេះមានការពន្យល់ថា ការកើតមកដែលទារកយំក្ដាប់ដៃនោះ ជាសញ្ញាប្រាប់យើងថា អ្វីៗទាំងអស់នៅក្នុងលោកនេះជារបស់អញ ជាកម្មសិទ្ធិរបស់អញ អ្នកណាមករំលោភបំពានមិនបានទេ។ ចំណែកការស្លាប់ទៅវិញលាដៃខ្ញាកនោះ ជាសញ្ញាប្រាប់យើងទាំងអស់គ្នាថា ខ្ញុំចុះចាញ់ហើយ ខ្ញុំយកអ្វីទៅមិនបានទេ ។
ព្រោះហេតុនោះទើបព្រះបរមសាស្តាត្រាស់ថា បុគ្គលឆ្លាតកាលបើផ្ទះត្រូវភ្លើងឆេះហើយ ត្រូវតែប្រញាប់ជញ្ជូនយកទ្រព្យសម្បត្តិចេញពីផ្ទះជាបន្ទាន់ បើមិនដូច្នោះទេទ្រព្យទាំងនោះនឹងត្រូវភ្លើងឆេះអស់ទៅជាមួយផ្ទះមិនខាន យ៉ាងណាមិញអត្តភាពនេះ ក៏ត្រូវភ្លើងជរា ភ្លើងព្យាធិ កំពុងតែដុតរោលរាល់តែថ្ងៃ មិនយូរប៉ុន្មានគង់តែនឹងដល់ថ្ងៃស្លាប់។
បើបុគ្គលមិនបានបរិច្ចាគទ្រព្យធ្វើទានជាស្ពានចម្លងសង្ខារទៅកាន់សុគតិភពទេ ទ្រព្យនោះក៏ត្រូវវិនាសអស់ទៅនៅពេលដែលស្លាប់នោះឯង ហើយជីវិតពិតជាកំសត់ក្នុងវាលសង្សារវដ្ដជាក់ជាមិនខាន ៕