Home ពត៍មានថ្មីៗ តោះ!មកដឹងពីប្រវត្តិសិលាចារឹកនិង៩ចំនុចសំខាន់ៗទាក់ទងនឹងល្ខោនខោល

តោះ!មកដឹងពីប្រវត្តិសិលាចារឹកនិង៩ចំនុចសំខាន់ៗទាក់ទងនឹងល្ខោនខោល

5702

សាស្ត្រាចារ្យប្រវត្តិសាស្ត្រលោក វង់ សុធារ៉ា បានអះអាងតាមសិលាចារឹកថា មានសិលាចារឹក២ដែលនិយាយអំពីវង់ល្ខោនខោលនេះ គឺ៖

១-សិលាចារឹក K.1229C:12-13 ឆ្នាំ៩៧៩ នៃគ្រិស្តសករាជ ដែលទើបរកឃើញនៅវត្ត ប្រម៉ា ខេត្តសៀមរាប ក៏មាននិយាយពាក់ព័ន្ធជាមួយល្ខោនខោលដែរ។

លោកបន្តថា នៅក្នុងសិលាចារឹកនោះបានរៀបរាប់ពីមនុស្សមួយក្រុមជាអ្នកសេរី រស់នៅខេត្ត ធ្រូវៈបុរៈ ហើយក្រុមនេះ ត្រូវបានគេបញ្ជូនទៅធ្វើជាភ្នាក់ងារល្ខោនខោលនៅក្នុងព្រះបរមរាជវាំង នៅក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៥។ នៅក្នុងសិលាចារឹកដដែលបញ្ជាក់ថា អ្នកស្រុកធ្រូវៈបុរៈ រាប់រយនាក់ បានចាកចេញពីស្រុករបស់ពួកគេទៅធ្វើជាភ្នាក់ងាររាជការ ដើម្បីបម្រើស្ដេចនៅក្នុងរាជវាំង។

លោកអះអាងថា៖“អញ្ចឹងមានន័យថា ទម្រង់ល្ខោនខោលរបស់យើង កើតមុនជំនាន់ហ្នឹងទៅទៀត ប៉ុន្តែមិនដឹងតាំងពីឆ្នាំណាទេ ហើយទម្រង់ល្ខោនខោលក៏មានរហូតមកដល់បច្ចុប្បន្ន”។

សិលាចារឹក K.1229C:12-13 នេះ សំដៅទៅលើពួកអ្នករបាំនេះឯង ដែលសុទ្ធសឹងជាមនុស្សប្រុស មានថានន្តរនាមហៅថា ”វាប” ដែរ (ពាក្យសម្រាប់ហៅសម្គាល់មនុស្សប្រុសក្នុងសម័យអង្គរ)។

ទោះបីជាយ៉ាងណា លោកសាស្ត្រាចារ្យខាងលើបន្ថែមថា លោកក៏មិនបានដឹងដែរថា នៅសម័យនោះមានការពេញនិយមលើទម្រង់ល្ខោនខោលកម្រិតណាទេ។ ប៉ុន្តែលោកអះអាងថា ពាក្យថា”ខោល” គេឃើញមាននៅលើសិលាចារឹកច្បាស់លាស់ជាងល្ខោនផ្សេងៗទៅទៀត។

២-សិលាចារឹក នៅខេត្តស្ទឹងត្រែងលេខ K.566A:11-12 ក្នុងសតវត្សរ៍ទី១០ លោកសាស្ត្រាចារ្យរូបនេះ លើកមកនិយាយផងដែរ ដោយបានបញ្ជាក់ថា មានអម្ចាស់ម្នាក់នាម “វ្រៈកម្រឥសានសិវៈ” គឺជាប្រធានក្រុមល្ខោនខោលតែម្ដង។

លោកនិយាយថា៖” ល្ខោនខោលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ខ្មែរ យ៉ាងហោចណាស់ក៏ចាប់តាំងពីសម័យអង្គរសតវត្សទី៩មកដែរ។ តើថៃសុខោទ័យ និងសៀមអយុធ្យា មានភស្តុតាងជាឯកសារដែលចាស់ជាងនេះ ដែរទេ ?”។

ចំនុចសំខាន់ទាំង៩របស់ល្ខោនខោល៖

១. ចំណុចខ្លះៗដែលបាននិយាយអំពីល្ខោនខោលតាមរយ:កម្មវិធី”ជីវិតល្ខោនខោល”

• អ្នករបាំសុទ្ធតែជាបុរសហើយពាក់មុខទាំងអស់ លើកលែងតែតួស្តី(តួនាង) ផាត់មុខដូចជាមនុស្សស្រី (មនុស្សប្រុសអាចរាំស្រីបាន)

• សម្តែងបានតែក្នុងរឿងរាមកេរ្តិ៍និងកំណើតអាទិទេព

• ច្រៀងពោល (អ្នកសម្តែងមិនមែនជាអ្នកច្រៀងឬពោលទេ គឺត្រូវប្រើភាសាក្បាច់តាមរយៈអ្នកពោលបរិយាយដំណើររឿង)

• ភ្លេងពិណពាទ្យត្រូវបានលេងនៅក្នុងល្ខោនខោល

• ល្ខោនខោលអាចហៅថាល្ខោនភាណី, ល្ខោនរាមកេរ្ត៍ ឬ ល្ខោនយក្សរាំ

• ល្ខោនខោលជាប្រភេទសិល្បៈទេវៈ

• ព្រះរាមមានមុខព័ណ៌បៃតង

• ល្ខោនខោលយកមសម្តែងតាំងពីសតវត្សទី៩

• ល្ខោនខោលចេញពីទម្រង់ល្ខោនហ្លួង

• ទម្រង់ល្ខោនខោលមានច្រើនដូចជាល្ខោនខោលខេត្តបាត់ដំបង ល្ខោនខោលវត្តស្វាយអណ្តែត ខេត្តកណ្តាល ល្ខោនខោលខេត្តកំពង់ធំ និង ល្ខោនខោលភ្នំពេញនៅសាលាភូមិន្ទនិងវិចិត្រសិល្បៈ

២. ហេតុអ្វីបានជាល្ខោនខោលមានសុទ្ធតែបុរសជាអ្នកសម្តែង?

លោក ហង់ ភូមិរ៉ា ជាសិល្បករល្ខោនខោលបានលើកឡើងថា រជ្ជកាលមុន ក្នុងព្រះបរមរាជវាំង គ្មានបុរសណានៅជិតព្រះមហាក្សត្រទេ មានតែនាម៉ឺនតូចធំប៉ុណ្ណោះ ហើយនិងស្រ្តីដែលមានតួនាទីដូចជាស្នំ ឬ ភិលៀង ដែលនៅចាំបម្រើព្រះមហាក្សត្រ។ ដូច្នេះល្ខោនហ្លួងគ្មានបុរសនោះទេ លុះត្រាតែបុរសនោះជាចាស់ទុំទើបគេអនុញ្ញាតឲ្យយកទៅសម្តែងជាតួឥសី។ គេខ្លាចតួបុរសលួចលាក់យកស្នំរបស់ព្រះមហាក្សត្រ។

លោកបន្តថា ដោយសារតែហេតុនេះ ទើបតួស្រីល្ខោនក្នុងវាំងមិនដែលបានជួបបុរសនោះទេ ហើយនៅពេលនោះក៏មានការអញ្ជើញគ្រូបុរាណៗពីព្រះបរមរាជវាំងទៅបង្រៀននៅក្រៅវាំង ប៉ុន្តែគេមិនដឹងថាតើគេចង់ផ្ចាញ់ ឬ មានចេតនាអ្វីនោះទេ ទើបបង្កើតជាក្រុមបុរសរាំបែបបុរាណដែរតែទម្រង់បុរសសុទ្ធ ដោយទទួលបានការគាំទ្រពីព្រះមហាក្សត្រ ។

ដោយឡែក បើយោងតាមគេហទំព័រ Wikipedia (https://km.wikipedia.org/wiki/ល្ខោនខោល) បានលើកឡើងថា បើតាមអ្នកស្រាវជ្រាវ ដោយសារការដុះដាលនៃសាសនាធ្វើឲ្យសាសនាព្រាហ្មណ៍មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរជ្ជលាព្រះបាទជ័យរវ័្មនទី៧ (១២៤៣ដល់១២៩៥) ក្នុងនោះមាននារីរបាំជាច្រើនត្រូបានសម្លាប់និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមានការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែកទៅលើលិទញធអ្នកកាន់សាសនាព្រះពុទ្ធ។ ការលើកឡើងស្រដៀងគ្នានេះមាននៅក្នុង សៀវភៅ” ប្រវត្តិល្ខោនខោល” ដែលខ្ញុំបានទាញចេញពីការបង្ហោះក្នុងហ្វេសប៊ុក ដែលខ្ញុំបានបង្ហោះភ្ជាប់ជាមួយនឹង រូបភាពកម្មវិធី” ជីវិតល្ខោនខោល”។

៣. ចំណុចបន្ថែមអំពីល្ខោនខោល តាមរយៈសៀវភៅ “បាត់ដំបងសម័យលោកម្ចាស់” របស់ លោក តូច ឈួន ទំព័រទី ១៤១ ដល់ ១៤៣ បានលើកឡើងថា ៖

នៅសម័យលោកម្ចាស់ មានល្ខោនពីរក្រុម គឺ ក្រុមល្ខោនប្រុស(ល្ខោនខោល) និង ក្រុមល្ខោនស្រី។

ក្នុងការពោលក្នុងល្ខោនខោលនាសម័យនោះគេប្រើជាភាសាសៀមសឹងតែទាំងអស់ (ជាសៀមក៏មានខ្មែរក៏មាន) ដែលជាការនិយមរបស់អភិជនសម័យនោះ។

តួសេតាក្នុងសម័យនោះសម្តែងដោយឈ្មោះ គិម ដែលមានទម្រង់មុខ រាងរៅ និង ដៃជើងល្អដូចស្រីដែលល្អផុតលេខ ទើបលោកម្ចាស់ពេញចិត្តជាងគេរហូតដាក់បញ្ញាត្តិថា បើអ្នកណាម្នាក់ធ្វើឲ្យបាក់ម្រាមដៃរបស់នាយគិមមួយ ត្រូវពិន័យជាប្រាប់១០០តំលឹង។

ឈ្មោះ គិម នេះតែម្នាក់គត់ដែលជាបុរសហើយត្រូវបានអនុញ្ញាតឲ្យចូលរាំជាមួយក្នុងក្រុមល្ខោនស្រី ដែលតួសំខាន់ៗ សុទ្ធជាប្រពន្ធរបស់លោកម្ចាស់។

ចំណុចមួយទៀតដែលខ្ញុំគិតថាគួរឲ្យចាប់អារម្មណ៍អំពីក្រុមល្ខោនខោលក្នុងសម័យលោកម្ចាស់ គឺនៅពេលសំដែង បើត្រូវចំឈុតហោះហើរដើរលើអាកាស គេបង្ហូតខ្សែឲ្យតួល្ខោនអណ្តែតត្រសែត ឡើងធ្វើឲ្យអ្នកមើលស្រម៉ៃថានៅស្ថានសួគ៌ពិតមែន។ នៅពេលដែលនាងសេងដាដើរកាត់ភ្លើង សម្តែងស្វាមីភ័ក្តិបង្ហាញព្រះរាម គេបង្កាត់ភ្លើងសន្ធោសន្ធៅមែនទែន ហើយឲ្យតួនាងសេដាដើរ កាត់មែនទែន។ លុះទៅដល់ក្នុងទើបេឲ្យគ្រូស្តោះព្រួសឲ្យបាត់រលាកភ្លាម។ គ្រូដែលពូកែខាងក្រុងសំរិទ្ធិនេះ ត្រូវគេនិមន្តមកប្រចាំទុកមុនជាស្រេច។

ការសម្តែងធ្វើឲ្យអ្នកមើលមានអារម្មណ៍ស្តែងបែបនេះ ធ្វើឲ្យខ្ញុំនឹកទៅដល់សម្តីរបស់ លោក ហង់ភូមិរ៉ា ដែលបានលើកឡើងថា ល្ខោនខោលត្រូវការការគាំទ្រពីយុវជននិងចាំបាច់ត្រូវមានថវិកា។ បើសិនជាមានថវិកាគ្រប់គ្រាន់ គឺខ្មែរយើងអាចកែច្នៃឈុតសម្តែងល្ខោនខោលឲ្យកាន់តែល្អប្រសើរ ដូចជាឈុតហោះហើរលើអាកាស ឬ ចង់ឲ្យនាងសេដាផុសចេញពីក្រោមមកលើឆាកក៏បា។ ពោលគឺខ្មែរយើងមិនខ្វះគំនិតច្នៃប្រឌិតនោះទេ។ លោកបានលើកឡើងទៀតថា ទោះបីយើងមិនមានថវិកាគ្រប់គ្រាន់ក៏ពិតមែន តែយើងមានបច្ចេកទេសនៃការរាំដើម្បីជំនួសឲ្យ ឈុតឆាកដែលត្រូវការតំឡើងបច្ចេកទេសឲ្យដូចពិតៗទាំងនោះបាន។

៤. បញ្ហាប្រឈមនៃល្ខោនខោល

• ខ្វះធនធានមនុស្ស(តួសម្តែង, អ្នកពោល និង អ្នកភ្លេង)

• ខ្វះថវិកា

• ខ្វះការគាំទ្រ

• បុរសទៅហាត់ល្ខោនខោលត្រូវបានគេវាយតម្លៃថាជាភេទទីបី

៥. ល្ខោនហ្លួង

• អ្នករបាំសុទ្ធតែជានារី

• ច្រៀង

• ក្បាច់រាំរបៀបនួន

៦. ក្បាច់ខ្មែរមានបីខ្នាត

• ចុងចិញ្ចើម

• ចុងដង្ហើម

• ថ្នក់សំពត់

៧. តួរបាំមានបីខ្នាត

• ខ្នាតនាង

• ខ្នាតនាយរោង

• ខ្នាតយក្ស

៨. ក្បាច់បាតខ្មែរមានចំនួន១៥០០ក្បាច់

៩. សិល្បៈសក្ការមានបី

• ល្ខោនស្បែកធំ

• ព្រះរាជទ្រព្យ

• ល្ខោនខោល

ប្រភពពី៖ Ny wattanak និង Kim Hana

ប្រភពរូបភាពពី៖ Sorn DaVid