លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបង្ហាញនូវមោទនៈភាពជាខ្លាំង បន្ទាប់ពីកីឡាកររបស់ខ្លួន បានបង្កើកកំណត់ត្រាប្រវត្តិកសាស្ដ្រដ៏អស្ចារ្យជូនជាតិ ក្រោយដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ ដោយកីឡាករ សាលី អ៊ូមើត នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ហើយលោកបានចាត់ទុកសមិទ្ធិផលនេះ គឺជាជោគជ័យដ៏ធំធេង និងលើសពីការរំពឹងទុករបស់សហព័ន្ធផងដែរ ។
ក្រោយបញ្ចប់បេសកកម្ម និងត្រឡប់មកដល់មាតុភូមិ នៅថ្ងៃទី២៨ ខែសីហានេះ លោក ណុះ ស្លេះ បានបញ្ជាក់ថា ប្រទេសចូលរួមប្រកួតកីឡាម៉ូតូទឹក រួមទាំងអ្នកទស្សនា សុទ្ធតែបានស្ងើចសរសេរកីឡាករជម្រើសជាតិកម្ពុជា ២រូប គឺ សាលី អ៊ូមើត និង ម៉ីន មូស្ដាន ដែលបានបង្ហាញសមត្ថភាព និងបច្ចេកទេសដ៏ល្អជាមួយវិញ្ញាសា Ski Modified ទោះបី មូស្ដាន បានខូចម៉ូតូក្នុងប្រកួតវគ្គទី១ ក៏ដោយ ។ តែជារួមលោកបានវាយតម្លៃខ្ពស់ចំពោះអ្នកទាំងពីរ ដែលធ្វើបានយ៉ាងល្អ ក្រោយត្រៀមខ្លួនរយៈពេលជាង ១ឆ្នាំ ។
លោកថា «មុន Asian Games យើងត្រៀមជាង ១ឆ្នាំ ទាំងការហ្វឹកហាត់ និងស្វែងយល់ពីកីឡាករនីមួយៗ ដូចជាថៃ អារ៉ាប់រួម ឥណ្ឌូនេស៊ី និងចិនជាដើម តើពួកគេខ្លាំងលើវិញ្ញាសាអ្វី? បន្ទាប់មកយើងបានបង្កើនការហ្វឹកហាត់ និងប្រកួតជាមួយជើងខ្លាំងៗជាច្រើន នៅអឺរ៉ុប អូស្ដ្រាលី ញូស័រឡែន ដើម្បីវាស់ស្ទង់សមត្ថភាព។ នេះគឺជាការត្រៀមរបស់យើង ទម្រាំដណ្ដើមបានមេដាយមាស និងសំរឹទ្ធ ដែលធ្វើឲ្យការរំពឹងទុករបស់យើង បានសម្រេច ហើយលើសពីផែនការ ព្រោះយើងចង់បានត្រឹមមេដាយមាស តែកីឡាករយើងឈ្នះមេដាយសំរឹទ្ធ ១ទៀត ដែលជាជោគជ័យដ៏ធំសម្រាប់សហព័ន្ធ និងប្រទេសជាតិ» ។
សមិទ្ធិផលទទួលបាន គឺកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាសលើវិញ្ញាសា Ski Modifiedនិងឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសា Runabout 1100 Stock ។ នេះក៏ដោយសារតែមានការយកចិត្តទុកដាក់និងលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រាប់អត្តពលិកគ្រប់ប្រភេទកីឡា តាំងពីមុនចេញដំណើរ រហូតដល់ពេលប្រកួត ដែលធ្វើអត្តពលិកមានភាពកក់ក្ដៅ និងមានកម្លាំងចិត្តយ៉ាងមុតមាំ ក្នុងការប្រកួតប្រជែងមេដាយជូនជាតិ ។ មិនតែប៉ុណ្ណោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានត្រៀមទទួល និងជួបសំណេះសំណាលអត្តពលិកជ័យលាភី ក្រោយបញ្ចប់បេសកកម្ម និងធ្វើដំណើរមកដល់មាតុភូមិ នាល្ងាចថ្ងៃទី០៣ ខែកញ្ញាខាងមុខភ្លាមៗទៀតផង ៕
ប្រភពពី៖ Freshnews