Home ពត៍មានថ្មីៗ ប្រព័ន្ធមីស៊ីលនៅលើបីប្រទេសរបស់សហរដ្ឋអាមេរិកនៃមជ្ឈិមបូព៌ានឹងត្រូវដកចេញដើម្បីយកមកទប់ទល់ជាមួយចិន និងរុស្ស៊ី

ប្រព័ន្ធមីស៊ីលនៅលើបីប្រទេសរបស់សហរដ្ឋអាមេរិកនៃមជ្ឈិមបូព៌ានឹងត្រូវដកចេញដើម្បីយកមកទប់ទល់ជាមួយចិន និងរុស្ស៊ី

470

សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នឹងដកប្រព័ន្ធមីស៊ីលការពារដែនអាកាស PAC-3 Patriot ៤គ្រឿងចេញពីប្រទេសចំនួន៣នៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីយកប្រព័ន្ធមីស៊ីល ទាំងនេះទៅដំឡើងនៅឯទីតាំងយុទ្ធសាស្ត្រផ្សេងទៀតសម្រាប់ទប់ទល់ជាមួយចិន និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពពីមន្ត្រីយោធាអាមេរិកម្នាក់។ មន្ត្រីយោធារូបនេះនៅក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាប្រទេសទាំង៣ខាងលើក្នុងនោះរួមមាន បារ៉ែន និងហ្ស៊កដានី ដែលនឹងត្រូវបាត់បង់ ប្រព័ន្ធមីស៊ីលអាមេរិកនៅខែក្រោយនេះ ខណៈប្រទេសបន្ទាប់គឺគុយវ៉ែត។ ប៉ុន្តែទន្ទឹមគ្នា មន្ត្រីរូបនេះដដែលមិនបានបញ្ជាក់ឡើយ ថាតើការដកប្រព័ន្ធមីស៊ីលនេះនឹងត្រូវជំនួសមកវិញដោយប្រព័ន្ធមីស៊ីលផ្សេងទៀតឬយ៉ាងណានោះទេ ដោយគ្រាន់តែអះអាងថា ប្រព័ន្ធមីស៊ីល PAC-3 Patriot អាចនឹងត្រូវយកទៅដំឡើងនៅតាមទីតាំងយុទ្ធសាស្ត្រផ្សេង ដែលងាយស្រួលឱ្យសហរដ្ឋអាមេរិក ទប់ទល់នឹងឥទ្ធិពលយោធារបស់ចិន និងរុស្ស៊ី។

គួរបញ្ជាក់ថា PAC-3 Patriot គឺប្រព័ន្ធមីស៊ីលដែលមានសមត្ថភាពខ្ពស់ និងជាគូប្រជែងរបស់ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-300 និង S-400។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ការអះអាងពីការដកប្រព័ន្ធមីស៊ីលនេះ កើតមានឡើងនៅចំពេលដែលទីក្រុង ម៉ូស្គូនឹងបញ្ជូនប្រព័ន្ធមីស៊ីល S-300 ទៅកាន់ប្រទេសស៊ីរី ក្នុងរយៈពេល២សប្ដាហ៍ខាងមុខនេះ រីឯមន្ទីរបញ្ចកោណក៏មិនទាន់ធ្វើ អត្ថាធិប្បាយណាមួយនៅឡើយដែរ៕

ប្រភពពី៖Freshnews