មានការបំផ្ទុះគ្រាប់បែកមួយគ្រាប់ បានសម្លាប់មនុស្សម្នាក់ និងរបួស១៥នាក់ ក្នុងហាងកាហ្វេមួយកន្លែងនៅភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ នេះជាការវាយប្រហារលើកទី២ បន្ទាប់ពីមានកាវាយប្រហារមួយកាលពីប៉ុន្មានថ្ងៃមុនដែលយោធាបានចោទប្រកាន់លើក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋអ៊ីស្លាម ។
មេបញ្ជាការកងពលយោធា ឧត្ដមសេនីយ៍ត្រី Cirilito Sobejana បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ទីក្រុង Isulan ដែលមានគ្រិស្តសាសនិកភាគច្រើនរស់នៅគឺស្ថិតនៅលើកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ជាទីតាំងដែលត្រូវបានឡោមព័ទ្ធដើម្បីបង្ក្រាបក្រុមដែលនៅពីក្រោយការវាយប្រហារនេះ ។ មិនមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះឡើយ ។ មេបញ្ជាការរូបនេះ បាននិយាយទៀតថា ការវាយប្រហារនេះទំនងជាធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមសេរី Bangsamoro (BIFF) ។ មិនមានក្រុមណាផ្សេងទៀតដែលហ៊ានបំផ្ទុះគ្រាប់បែក និងមិនមានក្រុមណាដែលបំផ្ទុះគ្រាប់បែកដោយគ្មានមូលហេតុនោះឡើយ ក្រៅពីក្រុមនេះ ។ ក្រុម BIFF ក៏ត្រូវបានចោទប្រកាន់ផងដែរពីការបំផ្ទុះកាលពីថ្ងៃអង្គារ៍សប្ដាហ៍មុន ដែលមានចម្ងាយប្រហែល៥០០ម៉ែត្រពីការបំផ្ទុះលើកទី២នេះ ដោយបានសម្លាប់មនុស្ស៣នាក់ និងរងរបួសជាង៣០នាក់ ៕