បន្ទាប់ពីបានវាយប្រហាលើប្រទេសហ្វីលីពីន ដោយផ្ដាច់ជីវិតមនុស្ស៥៩នាក់ ខ្យល់ព្យុះទីហ្វុង Mangkhut បានវាយប្រហារលើតំបន់ភាគខាងត្បូងប្រទេសចិនហើយ បានបង្កជាភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដី។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
ខ្យល់ព្យុះទីហ្វុង Mangkhut បានថមថយកម្លាំង ខណៈវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគនិរតី ក្រោយបង្កគ្រោះរអិលបាក់ដីនៅឯ តំបន់ឆ្នេរនៃទីក្រុង Jiangmen ខេត្តក្វាងទុង នៃភាគខាងត្បូងប្រទេសចិន ដោយផ្ដាច់ជីវិតមនុស្ស០២នាក់ ព្រមទាំងបង្ខំឱ្យអាជ្ញាធរ ផ្អាកចរាចរណ៍តាមផ្លូវដែកល្បឿនលឿនមួយចំនួនជាបណ្ដោះអាសន្នផងដែរ។
វាគឺជាព្យុះខ្លាំងក្លាទី១៥ ហើយដែលបានបោកបក់មកលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០១៨នេះ ហើយ កាលពីថ្ងៃអាទិត្យ ខ្យល់ព្យុះដ៏កំណាចមួយនេះ បានបង្កឱ្យមនុស្ស២១៣នាក់រងរបួសបន្ទាប់ពីវាបានវាយប្រហារលើទីក្រុងហុងកុង៕
ប្រភពពី៖Freshnews