សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ២,៦៧១គ្រួសារ ដែលរស់នៅភូមិចំនួន១០ នៃឃុំកំពង់ទ្រាស និងឃុំកោះពីរ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ការចុះសួរសុខទុក្ខនេះ បានធ្វើឡើងនៅទួលសុវត្ថិភាពចំការគរ ដែលស្ថិតនៅក្នុងភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។
ជាមួយនឹងការចែកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន ២,៦៧១គ្រួសារខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នូវស្បៀង និងសម្ភារប្រើប្រាស់ចំនួន ១,៣៦៦គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ ឃុំព្រែកអាជី (មាន៦ភូមិ) ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
គ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជាក់ស្តែង ក្នុងអំឡុងគ្រោះធម្មជាតិ ដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំជាដើម ក្នុងរយ:ពេលជាងកន្លះខែមកនេះ កាកបាទក្រហមកម្ពុជា បានចុះចែកនូវអំណោយជាស្បៀង សម្ភារផ្សេងៗទៀត ភ្លាមៗជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយទឹកជំនន់នេះផងដែរ ៕
ប្រភពពី៖ Freshnews