Home ពត៍មានថ្មីៗ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ីប្រទេសចិន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ីប្រទេសចិន

894

នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ចាប់ពីថ្ងៃទី ១០ ដល់​ ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ដែលនឹងប្រារពឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រ​ សមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» នឹងដាក់បង្ហាញនូវផលិតផលផ្សេងៗគ្នា​ជាច្រើនពីអាស៊ាន និងចិន ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម​ ធុរកិច្ច វិនិយោគ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះនៅពិធីបើកពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគ រវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន។

ក្នុងនាមកម្ពុជា ជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ហាន់ ចឹង ឧបនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា រួមទាំងអញ្ជើញទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជាផងដែរ។​

​អំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្រ្ដី នឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនចិន និងទទួលការជួបសម្តែងការគួរសមពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំផ្នែកធុរកិច្ចសំខាន់ៗ និងនាយកប្រតិបត្តិនៃក្រុមហ៊ុននានារបស់ចិន ព្រមទាំងផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន​ចិន​ផងដែរ៕