មនុស្សមួយចំនួនមានបញ្ហាត្រង់ប្រអប់ជើងដែលមានក្លិនមិនល្អ ហើយវាក៏ធ្វើអោយយើងមិនស្រណុកចិត្តចំពោះការសាយភាយក្លិនទៅកាន់អ្នកដ៏ទៃនិងខ្លួនឯងផ្ទាល់។
ដូចនេះខាងក្រោមជាវិធីដោះស្រាយបញ្ហាក្លិនប្រអប់ជើងដែលមាន៣វិធីងាយៗក្នុងការបំបាត់ខក្លិន៖
១. ត្រូវមានអនាម័យជើង
សម្រាប់ប្រិយមិត្តដែលនិយមស្បែកជើងបិទប្រអប់ជើងជិតអស់នោះ (ស្បែកជើងប៉ាតា ជាដើម) គប្បីសម្អាតប្រអប់ជើងជាមួយនឹងសាប៊ូឲ្យបានទៀងទាត់រាល់ពេលឈប់ប្រើប្រាស់ស្បែកជើងទៅណាមកណា បើរវល់ណាស់យ៉ាងតិចឲ្យបាន ១ដងក្នុងមួយថ្ងៃដែរ។ ពីព្រោះ ភាពហប់ជិត គ្មានខ្យល់ចេញចូលនៅប្រអប់ជើងរបស់អ្នក អាចបណ្តាលឲ្យបែកញើស ដោយផ្អាប់ជាមួយកំទេចកំទីធូលី និងកោសិកាងាប់នៅប្រអប់ជើង ដែលជាកត្តាធ្វើឲ្យជើងស្អុយ។
២. ព្យាយាមឆ្លាស់ស្បែកជើង និងស្រោមជើង
កាលណាអ្នកពាក់ស្បែកជើងដដែលៗដោយពុំធ្វើការផ្លាស់ប្តូរវាសោះ ជាតិញើស ដែលចេញពីស្បែក នឹងទុំជាប់នឹងសាច់ក្រណាត់ស្បែកជើង។ ពីមួយថ្ងៃទៅមួយថ្ងៃ យូរៗទៅជាតិញើសនឹងឡើងជូរដែលក្លាយជាប្រភពនៃមេរោគ។ ជាលទ្ធផលវាអាចបណ្តាលឲ្យជើងអ្នកមានក្លិនស្អុយឡើងបាន។ ជាពិសេសអ្នកគួរព្យាយាមហាលស្បែកជើងជាមួយនឹងកំដៅថ្ងៃឲ្យបានយ៉ាងតិចណាស់ក៏ ២ដងក្នុងមួយសប្តាហ៍ដែរ ពីព្រោះកំដៅព្រះអាទិត្យអាចបំបាត់ក្លិនស្អុយ និងមេរោគតោងនៅស្បែកជើងបានយ៉ាងល្អ និងយ៉ាងងាយស្រួល។មួយវិញទៀតនោះគឺការផ្លាស់ប្តូរស្រោមជើងឲ្យបានទៀងទាត់ផងដែរ។
៣. ផ្លាស់ប្តូររបបអាហារ
នេះបើយោងទៅតាមលោកវេជ្ជបណ្ឌិត Robert A. Kornfeld ស្ថាបនិកនៃវិទ្យាស្ថានវេជ្ជសាស្រ្តសម្រាប់សុខភាពកុមារ បានប្រាប់ឲ្យដឹងថា «បុគ្គលដែលមានការតាំងចិត្តខ្ពស់ និងមានភាពសកម្មក្នុងការផ្លាស់ប្តូររបបអាហាររបស់ខ្លួន នឹងជួយយ៉ាងខ្លាំងក្នុងការបំបាត់បញ្ហាក្លិនស្អុយនៅប្រអប់ជើង»។លោកបានបន្តទៀតថា «ចំណីអាហារដែលសំបូរទៅដោយសារធាតុផ្អែមមួយចំនួន គឺជាប្រភពនៃថាមពលសម្រាប់មេរោគដូចជា បាក់តេរី និង ផ្សិត ដែលអាចចេញមកតាមរន្ធញើស ជាពិសេសប្រអប់ជើងយើង ដែលមានក្រពេញញើសរាប់សែនដែលអាចជាផ្ទាំងស៊ីបរបស់មេរោគ»៕