អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់កម្មវិធី Google Maps របស់ក្រុមហ៊ុនយក្ស Google ហើយ ដែលវាបង្កើតឡើងសម្រាប់ជាភាពងាយស្រួលដល់មនុស្សទូទៅក្នុងការរកផ្លូវផ្សេងៗ ដៅទិសដៅដែលពួកគេចង់ទៅ និងមើលរូបភាពនៃទីក្រុងផ្សេងៗក្នុងប្រទេសនីមួយៗជុំវិញពិភពលោក។
តែកាលពីពេលថ្មីៗនេះ បុរសសញ្ជាតិបេរ៉ូម្នាក់បានសម្រេចចិត្តលែងលះប្រពន្ធរបស់លោក ក្រោយពេលដែលបានបើកមើលកម្មវិធី Google Maps ក៏ឃើញប្រពន្ធរបស់គាត់កំពុងកៀកកើយជាមួយនឹងប្រុសផ្សេងនៅក្នុងសួនច្បារមួយកន្លែងក្នុងប្រទេសបេរ៉ូ។ គួរបញ្ជាក់ថា រូបថតនោះតាំងពីឆ្នាំ២០១៣ម្ល៉េះពេលដែលក្រុមហ៊ុន Google កំពុងចូលថតផ្លូវនិងទីតាំងផ្សេងៗដែលមាននៅក្នុងប្រទេសប៉េរូពេលនោះ។
ពីដំបូងគាត់មិនជឿថារូបនារីក្នុងកម្មវិធី Google Map នេះជាប្រពន្ធរបស់គាត់ទេ ប៉ុន្តែគាត់បានពង្រើកមើលរូបថតនោះយ៉ាងជិតហើយគាត់ក៏ទទួលតម្រុយបន្ថែមដោយកត់សម្គាល់ថាសម្លៀកបំពាក់របស់នារីម្នាក់នោះដូចគ្នាបេះបិទទៅនឹងសម្លៀកបំពាក់ដែលប្រពន្ធរបស់គាត់ធ្លាប់បានពាក់ជាញឹកញាប់។
បន្ទាប់ពីដឹងនូវរឿងនេះ បុរសជាប្តីពិតជាមានអារម្មណ៍ក្តៅក្រហាយនឹងប្រពន្ធរបស់ខ្លួនជាខ្លាំង ក៏បានយកភស្តតាងនៃរូបថតទាំងនោះទៅចោទសួរប្រពន្ធរបស់គាត់ រហូតដល់នាងឆ្លើយត្រឡប់ទៅវិញថា “នាងពិតជាបានធ្វើរឿងនេះមែន” ហើយក៏បានយករូបភាពដែលថតបានពី Google Maps ទាំងអស់នោះទៅផុសក្នុងបណ្តាញសង្គមដោយសរសេរថា “ពិភពលោកពិតជាតូចចង្អៀតណាស់” ៕
ប្រភពពី៖Khmerload