នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះកម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោក World Guinness Record ថ្មីមួយទៀតគឺ ទូក «ង» វែងជាងគេបំផុត ដែលផលិតឡើងដោយស្នាដៃកូនខ្មែរដែលមានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់។
ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី និងមានការចូលរួមពី លោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ក៏មានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក «ង» ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត។
ទូក «ង» របស់កម្ពុជាដែលបំបែកឯតទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។
លោក Pravin Patel បានបញ្ជាក់យ៉ាងដូច្នេះថា «ទូក ង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែង៨៧.៣ម៉ែត្រ ត្រូវបានបំបែកឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ»។
ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូតដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕