Home ពត៍មានថ្មីៗ កីឡា អបអរសាទរ! កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានកក់កៅអីវគ្គ ៨នាក់ចុងក្រោយ​

អបអរសាទរ! កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានកក់កៅអីវគ្គ ៨នាក់ចុងក្រោយ​

1102

កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ា ស្រួង ភាវី ផ្ដួលជើងខ្លាំងជប៉ុន និងអាល្លឺម៉ង់ ឡើងវគ្គ​ ៨នាក់​ ជើងឯកពិភពលោកនៅទួកគី ក្នុងការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion – World Championship Ladies លើកទី៨ បន្ទាប់ពីបានយកឈ្នះកីឡាការិនីជើងខ្លាំងជប៉ុន និងអាល្លឺម៉ង់ ក្នុងវគ្គជម្រុះពូល​ A កាលពីល្ងាចមិញ។

ការប្រកួតនេះបែងចែកជា ៤ពូល ហើយក្នុងមួយពូលមាន ៤នាក់ ខណៈកីឡាការិនីជម្រើសជាតិកម្ពុជា ស្រួង ភាវី ស្ថិតក្នុងពូលA ជាមួយគូប្រជែង ៣ប្រទេស រួមមានជប៉ុន អាល្លឺម៉ង់ និងដាណឺម៉ាក ។ ប៉ុន្ដែឆ្លងកាត់ ២ប្រកួតបើកឆាក ភាវី ធ្វើបានយ៉ាងល្អ ដោយទទួលបានជ័យជម្នះផ្ទួនៗ ក្នុងនោះប្រកួតទី១ ភាវី ឈ្នះកីឡាការិនីជប៉ុន Orie HIDA ដោយលទ្ធផល ២៥-២៤ពិន្ទុ និងប្រកួតទី២ យកឈ្នះកីឡាការិនីអាល្លឺម៉ង់ Steffi DASKE ដោយលទ្ធផល ២៥-១១ពិន្ទុ ។

តាមរយៈជ័យជម្នះខាងលើ បានធ្វើឲ្យកីឡាការិនីតំណាងកម្ពុជារូបនេះ កក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រតែម្ដង ទោះបីនាងសល់ ១ប្រកួតក្នុងដៃ ដែលត្រូវជួបកីឡាការិនីដាណឺម៉ាក Jeanette JENSEN ក៏ដោយ ។ នេះបើតាមការឲ្យដឹងពីសាមីខ្លួនផ្ទាល់ ហើយកីឡាការិនីឆ្នើម ស្រួង ភាវី ក៏បានសម្ដែងនូវការសប្បាយចិត្តផងដែរ ព្រោះនាងកំពុងព្យាយាម ដើម្បីឈានទៅម្រេចគោលដៅដណ្ដើមមេដាយជូនជាតិ ពិសេសគឺការលើកទង់ជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ៕

ប្រភពពី៖Freshnews