មនុស្សជាង 300 នាក់បានរងរបួសបន្ទាប់ពីផែមួយបានដួលរលំចូលក្នុងសមុទ្រក្នុងពិធីបុណ្យតន្ត្រីទីក្រុងមួយនៅប្រទេសអេស្ប៉ាញ។
យ៉ាងហោចណាស់មានមនុស្ស 5 នាក់ត្រូវបានគេនិយាយថាស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដែលបានរងរបួសបាក់ជើងបាក់ដៃនិងរបួសក្បាលបន្ទាប់ពីផែឈើបានបាក់ក្នុងអំឡុងពេលព្រឹត្តិការណ៍ ‘O Marisquiño’ នៅក្នុងឆ្នេរសមុទ្រភាគពាយព្យរបស់ Vigo ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាផែរនោះបានបាក់ស្រុតក្រោយពេលអ្នកច្រៀង Rels B បានប្រាប់ពួកអ្នកកម្សាន្តឱ្យលោតនៅពេលចាប់ផ្ដើមឃ្លាចម្រៀងរបស់គាត់។មានទិដ្ឋភាពនៃការភ័យស្លន់ស្លោនៅពេលដែលមនុស្សធ្លាក់ចូលទៅក្នុងសមុទ្រហើយធ្លាក់គរលើគ្នាទៅវិញទៅមក។
ប៉ូលីសបាននិយាយថាពួកគេគ្មានកំណត់ត្រានៃការស្លាប់ទេប៉ុន្តែអ្នកមុជទឹកបានចូលទៅក្នុងសមុទ្រដើម្បីធ្វើឱ្យប្រាកដថាគ្មានសាកសពទេ។ អ្នកពន្លត់អគ្គីភ័យក៏បានប្រើកាមេរ៉ាកំដៅដើម្បីស្កេនកំទេចបាក់បែកសម្រាប់អ្នកដែលបានជាប់ដោយកំទេចឈើ។
អ្នកជួយសង្រ្គោះពីការដួលរលំបានជួយដល់អ្នករងរបួសភ្លាមៗ៕