ខ្សែស្លាប Ousmane Dembele អាចត្រូវបាន Barcelona បញ្ជូនឲ្យក្លឹបផ្សេងខ្ចីជើង នៅរដូវកាលក្រោយ។
បើតាមការចុះផ្សាយរបស់ Marca ក្នុងថ្ងៃនេះ បានឲ្យដឹងថា មានមតិមួយចំនួនក្នុងក្លឹបគិតថា កីឡាករបារាំងគួរតែត្រូវបានក្លឹបបញ្ជូនឲ្យទៅលេងនៅក្លឹបផ្សេងក្នុងនាមជាកីឡាករខ្ចីជើង ដើម្បីឲ្យខ្សែស្លាបលេងបានច្រើនប្រកួត ក៏ដូចជា បង្កើនភាពទុកចិត្តរបស់កីឡាករឡើងវិញ។
ទោះជាយ៉ាងណា មានមតិខ្លះទៀតនៅ Barcelona លើកឡើងថា កីឡាករគួរតែត្រូវបានផ្ដល់ឱកាសបន្ថែមក្នុងការបញ្ចេញសមត្ថភាពខ្លួនក្នុងការលេងឲ្យក្លឹប។
ប្រធានក្លឹបអ្នកមានបុណ្យ លោក Josep Maria Bartomeu កាលពីពេលថ្មីៗ មិនបានទាត់ចោលនឹងគំនិតគ្រោងបញ្ជូន Dembele ទៅក្លឹបផ្សេង ដើម្បីលេងជាកីឡាករខ្ចីជើងឡើយ បើទោះជាលោកបានបញ្ជាក់ថា ក្លឹបមិនបានពិចារណារឿងហ្នឹងនាពេលបច្ចុប្បន្ន។
លោកបាននិយាយថា៖ “នៅពេលនេះ ពួកយើងមិនបានកំពុងធ្វើការពិចារណារឿងឲ្យ Dembele ទៅលេងក្លឹបផ្សេងក្នុងនាមជាកីឡាករខ្ចីជើងឡើយ”។
លោក Bartomeu បញ្ជាក់៖ “នៅពេលរដូវកាលនេះចប់ ក្រុមការងារបច្ចេកទេសនឹងប្រាប់ក្លឹបពីការសម្រេចចិត្តរបស់គេទាក់ទងនឹងប្រធានបទហ្នឹង”។
Dembele បានចូលរួមជាមួយ Barcelona ពី Borussia Dortmund កាលពីអំឡុងទីផ្សារដោះដូរខែក្ដៅឆ្នាំមុន ក្នុងតម្លៃផ្ទេរដំបូង ១០៥ លានអឺរ៉ូ (ជាង ១២៤ លានដុល្លារសហរដ្ឋអាមេរិក)។ ទោះជាយ៉ាងណា ដោយបញ្ហារបួសច្រើន និងទម្រង់លេង គិតមកទល់បច្ចុប្បន្ន កីឡាករ ទើបបង្ហាញខ្លួនឲ្យក្លឹបចំនួន ២០លើកប៉ុណ្ណោះ និងស៊ុតចូល ៣គ្រាប់៕