ក្រុមហ៊ុនផលិតឧបករណ៍បំពងសំឡេង និងកាសដ៏ពេញនិយម JBL បានចាប់ដៃសហការជាមួយក្រុមហ៊ុន Google ដើម្បីផលិតឧបករណ៍បំពងសំឡេងឆ្លាតវៃសម្រាប់ទូរទស្សន៍ Android ដែលមានឈ្មោះថា JBL Link Bar។ ឧបករណ៍បំពងសំឡេងនេះ អាចប្រើប្រាស់បច្ចេកវិទ្យា AI របស់ Google គឺ Google Assistant ដែលអាចបញ្ជាទូរទស្សន៍ឆ្លាតវៃដើរដោយ Android ដោយប្រើប្រាស់សំឡេងបញ្ជាតែម្ដង។
JBL Link Bar ជាផលិតផលដំបូងរបស់ Google ដែលជាប្រភេទកូនកាត់ រវាងឧបករណ៍បំពងសំឡេងធម្មតា និងឧបករណ៍សម្រាប់បញ្ជាទូរទស្សន៍ ដែលអាចនឹងបង្ហាញខ្លួននាព្រឹត្តិការណ៍ Google I/O នាយប់នេះ។ វាក៏ជាឧបករណ៍ប្រភេទ Sound Bar ដំបូងដែលនឹងផ្ដល់ជូនការប្រើប្រាស់ Google Assistant និងបទពិសោធន៍នៃការប្រើប្រាស់ Android TV បានពេញលេញផងដែរ។
JBL Link Bar មិនត្រឹមតែប្រើ Google Assistant ក្នុង Youtube Content និងប៉ុស្តិ៍ទូរទស្សន៍ប៉ុណ្ណោះទេ តែក៏អាចបញ្ជាឧបករណ៍បំពងសំឡេងឲ្យចាក់តន្ត្រីចេញពី Platform ផ្សេង ដោយបិទទូរទស្សន៍ចោលក៏បានដែរ។
Google បានបញ្ជាក់ដែរថា វានឹងប្រើប្រាស់រន្ធ HDMI អាចប្រើសំឡេងដើម្បីបញ្ជាឲ្យទូរទស្សន៍ភ្ជាប់ទៅឧបករណ៍ផ្សេងៗបានយ៉ាងងាយ ដូចជា ម៉ាស៊ីនលេងហ្គេម ឬ ម៉ាស៊ីនចាក់ DVD ជាដើម។ ចំពោះតម្លៃក្រុមហ៊ុនមិនទាន់បានបញ្ចេញជាសាធារណៈនៅឡើយទេ តែក្រុមហ៊ុន JBL បង្ហើបនឹងចេញលក់ជាផ្លូវការនារដូវស្លឹកឈើជ្រុះខាងមុខ៕
ប្រភពពី៖Saby