ក្លឹប Juventus បានត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្តល់ឱ្យកីឡាករ Edinson Cavani នូវផ្លូវចេញពីកិច្ចសន្យារបស់រូបគេនៅ Paris Saint-Germain ក្រោយពីមានភាពចម្រូងចម្រាសជាមួយកីឡាករ Neymar ។
ជាក់ស្តែងកីឡាករ Neymar ត្រូវបានគេចោទប្រកាន់ថាបានដាក់ខ្លួនជាថ្មីម្តងទៀតក្រោយពីការសម្រេចចិត្តមិនឱ្យ Cavani ក្លាយជាអ្នករកគ្រាប់បាល់ក្រោយពីការស៊ុតបាល់ប៉េណាល់ទីយកឈ្នះក្នុងលទ្ធផល 8-0 លើក្រុម Dijon ។
យ៉ាងណាមិញយោងតាមប្រភពព័ត៌មាន Corriere dello Sport របស់អ៊ីតាលីបានឱ្យដឹងថាកីឡាករវ័យ 30 ឆ្នាំរូបនេះមិនអាចនៅជាមួយក្រុមបារាំងបានទៀតនោះទេហើយរូបគេក៏បានសំរេចចិត្តស្វែងរកក្លិបថ្មីមួយរួចទៅហើយ។
មិនតែប៉ុណ្ណោះតាមប្រភពដដែលបានអះអាងថា Juventus ត្រៀមខ្លួនរួចរាល់ហើយដើម្បីដណ្តើមយកអតីតកីឡាកររបស់ក្លិប Napoli រូបនេះហើយចង់នាំយកគេត្រឡប់ទៅកាន់ទឹកដី Serie A វិញផងដែរ។
គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះនៅសល់កុងត្រាពីរឆ្នាំទៀតក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គេបន្ទាប់ពីរូបគេបានចុះហត្ថលេខាលើកិច្ចសន្យាមួយបន្ថែមទៀតកាលពីខែមេសាឆ្នាំមុន៕
ប្រភព: Daily Mail