ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo បាននិយាយថា ទោះជាអាយុរបស់ខ្លួនរាងជ្រេបន្ដិចមែន ប៉ុន្ដែតិចនិចក៏ដូចជាកម្លាំងកាយគឺប្រៀបដូចមនុស្សអាយុ ២៣ឆ្នាំ អីចឹង។
Ronaldo នឹងមានភារកិច្ចធំគឺជួយក្រុមរបស់ខ្លួន តទល់នឹងក្រុមហង្សក្រហម Liverpool ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នាយប់ថៃ្ងសៅរ៍ ចូលថៃ្ងអាទិត្យ វេលាម៉ោង ១:៤៥នាទី ខណៈម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យនេះដដែល បាននិយាយថា រូបគេនៅមិនទាន់ចង់គិតពីរឿងចូលនិវត្ដន៍នោះទេ ហើយបានបញ្ជាក់ថា នឹងបន្ដអាជីពមួយនេះរហូតដល់អាយុ ៤១ឆ្នាំ។
ក្នុងបទសម្ភាសមួយក្នុងទូរទស្សន៍របស់អេស្ប៉ាញ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បាននិយាយថា៖ «ខ្ញុំនៅមានពេលច្រើនទៀត ពោលគឺខ្ញុំអាចលេងរហូតដល់អាយុ ៤១ឆ្នាំឯណោះ។ ខ្ញុំមានអារម្មណ៍ល្អណាស់។ យ៉ាងណាពេលនេះ ខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលវគ្គផ្ដាច់ព្រ័ត្រនៅថៃ្ងសប្ដាហ៍នេះ ហើយអ្នកគាំទ្រទាំងអស់ នឹងនៅពីក្រោយពួកយើង»៕