Home ពត៍មានថ្មីៗ តើគួរបន្ទោសកូនដែលកើតមកចំថ្ងៃដែលគ្រួសារឬក្រុមហ៊ុនបរាជ័យបិទទ្វារ ឬក៏ត្រូវបន្ទោសខ្លួនឯងដែលមិនអាចគ្រប់គ្រងកិច្ចការទាំងនោះបាន?

តើគួរបន្ទោសកូនដែលកើតមកចំថ្ងៃដែលគ្រួសារឬក្រុមហ៊ុនបរាជ័យបិទទ្វារ ឬក៏ត្រូវបន្ទោសខ្លួនឯងដែលមិនអាចគ្រប់គ្រងកិច្ចការទាំងនោះបាន?

395

តាមរយៈគណនេយ្យរបស់អ្នកជំនួញម្នាក់បានផ្ដល់ជាដំបូន្មានដ៏ច្បាស់លាស់ជាក់លាក់ត្រឹមត្រូវមួយសម្រាប់អ្នកគ្រប់ដោយមិនផ្តោតលើអបិយជំនឿអ្វីឡើយគឺជាការចែករំលែកបទពិសោធន៍។

ការបង្ហោះដ៏មានអត្ថន័យរបស់លោក Seririth ដែលជាអ្នកជំនួយដែលធ្លាប់បរាជ័យលើមុខជំនួញជាច្រើនបានសរសេររៀបរាប់ថា ៖ កូនប្រុសទី ១ របស់ខ្ញុំ កើតបានមួយឆ្នាំក្រុមហ៊ុនទស្សនាវដ្ដីរបស់ខ្ញុំត្រូវបានបិទ ចំណែកឯកូនប្រុសទី២ វិញកើតចំថ្ងៃដែល ខ្ញុំ និងភរិយារបស់ខ្ញុំបិទហាង Cosmetic តែម្ដងកំពុងដែលជប់លៀងលាគ្នាថ្ងៃចុងក្រោយ កំពុងតែជល់កែវលាគ្នាជាមួយនឹងបុគ្គលិកភរិយាខ្ញុំចាប់ផ្ដើមឈឺពោះ និងសម្រាលនៅយប់នោះតែម្ដង។

មនុស្សមួយចំនួនប្រហែលជាគិតថា អ្វីៗអាចមកពីកូន មកពីកូននាំស៊យ នាំចង្រៃ តែសម្រាប់ខ្ញុំ ខ្ញុំដឹងច្បាស់ណាស់ថា នរណាគឺជាមនុស្សចង្រៃពិតប្រាកដ ហើយម្នាក់នោះគឺ ខ្ញុំខ្លួនឯងនេះហើយ។

ខ្ញុំរកស៊ីដោយគ្មានសមត្ថភាពអ្វីទាំងអស់ ក្រៅពីជំនឿជឿជាក់លើខ្លួនឯង។

ខ្ញុំជឿជាក់ថា ខ្ញុំអាចធ្វើបាន ខ្ញុំនឹងជោគជ័យ កិច្ចការប៉ុណ្ណឹងៗ គេធ្វើបាន ខ្ញុំក៏ធ្វើបាន។

ប៉ុន្ដែខ្ញុំមិនដែលនឹកស្មានទាល់តែសោះថា ភាពជឿជាក់មួយនេះ បានបំផ្លាញជីវិតរបស់ខ្ញុំ។ ខ្ញុំជឿជាក់លើខ្លួនឯងខ្លាំងពេក រហូតគិតថា ខ្ញុំមិនត្រូវការអ្វីផ្សេងទៀតឡើយ។

ការពិត ភាពជឿជាក់ គ្រាន់តែជាខែលការពារបញ្ហានានា ក្នុងការរកស៊ីប៉ុណ្ណោះ វាមិនមែនជាអាវុធពិតប្រាកដ ដើម្បីជោគជ័យឡើយ។ សមត្ថភាពលក់ឲ្យដាច់ លក់ឲ្យចេញ លក់ឲ្យចំណេញទើបជាអ្វីដែលខ្ញុំត្រូវការ។

ខ្ញុំបានប្រើពេល ៧ ឆ្នាំ និងបានបិទក្រុមហ៊ុននិងអាជីវកម្មចំនួន ៦ ទម្រាំតែខ្ញុំអាចមានអាវុធមួយនេះនៅក្នុងដៃ។ ហើយនៅពេលនេះ ខ្ញុំលែងជាមនុស្សចង្រៃម្នាក់ទៀតហើយ។

អ្វីដែលខ្ញុំចង់ចែករំលែកនៅពេលនេះគឺ នៅពេលដែលយើងរកស៊ីបរាជ័យ សូមកុំរកមើលនរណា ដើម្បីបន្ទោស តែសូមរកមើលបញ្ហា ដែលធ្វើឲ្យយើងបរាជ័យ ថាតើវាជាអ្វី ឲ្យពិតប្រាកដ បន្ទាប់មកចាប់ផ្តើមម្ដងទៀតឲ្យឆ្លាតជាងមុន ឲ្យពូកែជាងមុន។

មនុស្សដែលបរាជ័យខ្លួនឯង ហើយបន្ទោសអ្នកដ៏ទៃ ទើបជាមនុស្សចង្រៃពិតប្រាកដ។

បទពិសោធន៍ជីវិតពីខ្ញុំ សេរីរិទ្ធ