អ្នកទាំងអស់គ្នាបានដឹងមកហើយតាមរយៈការសិក្សាតាំងពីតូចមកគឺយើងបានដឹងថាភ្នំដែលខ្ពស់ជាងគេដែលមានកម្ពស់ ១៨១៣ម៉ែត្រមានឈ្មោះ ភ្នំឱរ៉ាល់ ប៉ុន្តែតាមការពិតមិនមែននោះទេ ឱរ៉ាល់គឺជាឈ្មោះជួរភ្នំមិនមែនជាភ្នំដែលខ្ពស់ជាងគេនោះទេ។
តាមរយៈប្រភពគណនេយ្យ Youtube របស់ ThmeyThmey Media បានបង្ហាញពីវីដេអូមួយដែលក្រុមការងារបានទៅដល់ទីនោះផ្ទាល់បានសួរព៌តមានបញ្ជាក់ផ្ទាល់ពីអ្នកស្រុកដែលជាអ្នកនាំឡើងកំពូលភ្នំខ្ពស់ជាងគេនៅកម្ពុជាបានបញ្ជាក់ថា ភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាឈ្មោះ «ភ្នំខ្ជោល» នៅជួរភ្នំឱរ៉ាល់ ។
តាមពិតពាក្យថា ភ្នំឱរ៉ាល់ គឺជាឈ្មោះជួរភ្នំដ៏វែងដែលមានកំពូលជាច្រើន។ នេះជាការបញ្ជាក់របស់លោក ឈឺន ឆីម ដែលជាអ្នកនាំភ្ញៀវជាតិ និងភ្ញៀវបរទេសឡើងជួរភ្នំឱរ៉ាល់តាំងពីឆ្នាំ២០០៤។ លោក ឈឺន ឆីម ដែលមានកំណើតនៅក្នុងភូមិស្រែកិន៣នៃស្រុកឱរ៉ាល់ចំងាយ១០គីឡូម៉ែត្រពីជួរភ្នំឱរ៉ាល់ ហើយជាអ្នកនាំភ្ញៀវជាតិ និងភ្ញៀវបរទេសឡើងលើកំពូលភ្នំជាង២៣០លើកនោះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងចំណោមជួរភ្នំឱរ៉ាល់ មានភ្នំជាច្រើនដែលសុទ្ធតែមានឈ្មោះ។ «ហើយភ្នំដែលខ្ពស់ជាងគេកំពស់១៨១៣ម៉ែត្រនោះ ចាស់ៗនៅក្នុងភូមិបានប្រាប់ថា ឈ្មោះភ្នំខ្ជោល នោះទេ។ ប៉ុន្តែមនុស្សទូទៅបានហៅភ្នំដែលខ្ពស់ជាងនោះថា ជាភ្នំឱរ៉ាល់»។ លោក ឈឺន ឆីម បានអះអាងយ៉ាងនេះ។
ដូចនេះប្រិយមិត្តសូមកុំយល់ច្រលំរវាងឈ្មោះជួរភ្នំ និង កំពូលភ្នំ តទៅទៀត៕