Home ពត៍មានថ្មីៗ ផ្ទុះរឿងអាស្រូវ ម្ចាស់ផ្សារកុងតឺន័រ 2040 ពាក់ព័ន្ធនឹងរឿងសុីដាច់លុយកក់របស់អាជីវករ

ផ្ទុះរឿងអាស្រូវ ម្ចាស់ផ្សារកុងតឺន័រ 2040 ពាក់ព័ន្ធនឹងរឿងសុីដាច់លុយកក់របស់អាជីវករ

56689

គម្រោងផ្សារកុងតឺន័រធំជាងគេនៅទីក្រុងភ្នំពេញ ដែលសង់​លើ​ផ្ទៃ​ដី​ជាង​មួយ​ហិចតា​កន្លះដែលមានឈ្មោះថា “ផ្សារ​កុងតឺន័រ 2040” ដែលស្ថិត​លើ​ផ្លូវ​សុធារស ជិត​ផ្សារ​ទំនើប AEON ទី១ ពេលនេះកំពុងជួបរឿងអាស្រូវដ៏ធ្ងន់ធ្ងរ ដោយម្ចាស់ផ្សារបាន លេបយកប្រាក់កក់ ព្រមទាំងគេចវេសមិនដោះស្រាយបញ្ហាជាមួយអាជីវករផ្សារ ។

ផ្សារកុងតឺន័រនេះ គឺមានគម្រោងបើកតាំងពីចុងឆ្នាំ២០១៧មកម្ល៉េះ ដោយធ្វើការផ្សព្វផ្សាយថា មានទាំងកន្លែងចត​យានយន្ត​ធំ​ទូលាយ ​បើក ២៤ម៉ោង មាន ៥០០តូប ដោយ​ចែក​ជា ៤ផ្នែក​ធំៗ​ដាច់​ពី​គ្នា ផ្នែក​លក់​ទំនិញ ផ្នែក​លក់​ម្ហូបអាហារ​គ្រប់​ប្រភេទ ផ្នែក PUB និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ដូចជា​រោងកុន​ជាដើម ប៉ុន្តែមកទល់ពេលនេះផ្សារនៅតែមិនដំណើរការ និយាយរួមទៅគឺផ្សារនេះគឺបានបិទតែម្ដងបន្ទាប់ពីដំណើរការសាកល្បងក្នុងរយៈពេលខ្លីកន្លងមក ។

តាមប្រភពអាជីវករផ្សារបានបញ្ជាក់ឲ្យដឹងថា ​ម្ចាស់ផ្សារនេះបានយកលុយវិនិយោគពីភាគីជាដៃគូសឹង្ហបុរី ព្រមទាំងមានហ៊ុនគ្នារវាងកូនប្រុសឧកញ៉ាដ៏មានឥទ្ធិពលម្នាក់នៅកម្ពុជា ប៉ុន្តែដំណើរការសាងសង់មានរយៈពេលយូរ សំណង់មិនព្រមបញ្ចប់ ពន្យាពេលបើកផ្សារ មិនមានឃើញបើកផ្នែក៣ផ្សេងទៀត រោងកុងក៏មិនឃើញសាងសង់ ចុងក្រោយផ្សារក៏បើកមិនចេញ។

គួរឲ្យដឹងផងដែរថា នៅពេលដែលផ្សារបានបើកសាកល្បងផ្នែកផាប់ Pub  ម្ចាស់ផ្សារបានធ្វើការគាបសង្កត់មកលើអាជីវករ ដោយម្ចាស់ផ្សារបានដាក់គ្នីគ្នារជាជនជាតិសឹង្ហបុរី មកយកលុយថ្លៃចំណតទាំងចំណតមិនទាន់រួចរាល់ មិនមានភ្លើងបំភ្លឺ ថែមទាំងដាក់មនុស្សចាំយកលុយថ្លៃបន្ទប់ទឹក ទាំងដែលបន្ទប់ទឹកធ្វើមិនទាន់ហើយស្រួលបួល គ្មានស្តង់ដារ ហើយដែលកាន់តែធ្វើឲ្យអាជីវករមិនសុខចិត្តរហូតផ្ទុះការតវ៉ាគឺម្ចាស់ផ្សារបានតម្រូវឲ្យអាជីវករទាំងអស់ត្រូវតែទិញភេសជ្ជៈ ស្រាបៀរ ទឹកកក ពីបក្សពួករបស់ខ្លួនដោយតម្លៃហាក់ខ្ពស់ជាងទីផ្សារ និងគ្មានការយោគយល់ដោយតម្រូវឲ្យបង់ប្រាក់ភ្លាមៗ ។

បន្ទាប់ពីផ្ទុះការតវ៉ាពីអាជីវករផ្សារម្តង ជាពីរដង ម្ចាស់ផ្សារបានធ្វើការសន្យាខ្យល់ដោយដាក់នូវលក្ខខណ្ឌផ្សេងៗប៉ុន្តែចុងក្រោយមិនបានបំពេញនូវកិច្ចសន្យា ព្រមទាំងប្រើវិធីផ្តាច់ការចាក់សោរបិទហាងអាជីវករណាដែលហ៊ានចេញមុខតវ៉ាជាមួយម្ចាស់ផ្សារ ។

តាមប្រភពដដែលនោះបានបន្ថែមថា បន្ទាប់ពីការបើកសាកល្បងក្នុងរយៈពេលខ្លី ម្ចាស់ផ្សារបានបិទផ្សារទាំងមូល  ហើយអ្វីដែលសំខាន់គឺផ្សារគ្មានសំណងដល់អាជីវករដែលបានចំណាយប្រាក់ញើសឈាមរបស់ខ្លួនមិនតិចជាងខ្ទង់មុឺនដុល្លារក្នុងការតុបតែងលម្អហាង និងការទិញសម្ភារៈផ្សេងៗដាក់ក្នុងហាង ដោយរំពឹងថា ផ្សារកុងតឺន័រមួយនេះនឹងផ្តល់ប្រាក់ចំណូលដល់ពួកគាត់ ប៉ុន្តែចុងក្រោយ ម្ចាស់ផ្សារបែរជាបិទផ្សារចោល ជំពាក់ថ្លៃសំណង ជំពាក់ថ្លៃធ្វើកម្មវិធីផ្សេងៗ គេចវេសមិនទូទាត់ថ្លៃសេវាកម្មផ្នែកទីផ្សារ មិនប្រគល់ប្រាក់កក់ដល់អាជីវករ ថែមទាំងមិនព្រមអោយទាំងអាជីវករយកអីវ៉ាន់របស់ខ្លួនទៅវិញ។

អ្វីដែលរឹតតែធ្វើអោយអាជីករកាន់តែខឹងសម្បារខ្លាំងនោះគឺ​ ម្ចាស់ផ្សារបានរត់គេចខ្លួន  បិទលេខទូរស័ព្ទ មិនព្រមចេញមុខដោះស្រាយ ម្យ៉ាងវិញទៀតបានកុហកអាជីវករថាអ្នកឧកញ្ញ៉ា គិតម៉េង ជាអ្នកបន្តអាជីវកម្មផ្សារនេះបន្ទាប់ ប៉ុន្តែអស់រយៈពេលជាច្រើនខែមិនមានព៌តមានឬដំណើរការអ្វីទាល់តែសោះ។

…ពេលនេះអាជីវករទាំងអស់បានចោទសួរថាតើអ្នកណាជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ?