Home ពត៍មានថ្មីៗ ពិតជារំភើបជាខ្លាំង!ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ១០,០០០ ដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះដែលទទួលរងនូវគ្រោះថ្នាក់ពីការបាក់រលំអាគារ

ពិតជារំភើបជាខ្លាំង!ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ១០,០០០ ដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះដែលទទួលរងនូវគ្រោះថ្នាក់ពីការបាក់រលំអាគារ

529

ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ដល់សុខទុក្ខប្រជានុរាស្រ្ត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ១០,០០០ ដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះដែលទទួលរងនូវគ្រោះថ្នាក់ពីការបាក់រលំអាគារ ៧ជាន់ នៅខេត្តព្រះសីហនុ តាមរយៈកាកបាទក្រហមកម្ពុជា។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសវនីយ៍បញ្ជាក់ ក្នុងព្រះរាជសវនាការ នាវេលាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នាព្រះរាជដំណក់សិរីមង្គល ថា «ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឫទ័យរន្ធត់ និងសោកស្តាយជាទីបំផុត បន្ទាប់ពីបានទទួលនូវដំណឹងដ៏អកុសល អំពីគ្រោះថ្នាក់ នៃការបាក់រលំអាគារនៅខេត្តព្រះសីហនុ ហើយ ព្រះករុណា ព្រះមហាក្សត្រ រួមជាមួយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសូម​ចូល​រួម​រំលែក​មរណៈ​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ ព្រម​ទាំង​ជាមួយ​ ប្រជានុរាស្ត្រ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា និងសូមជូនពរដល់ជូនរងគ្រោះដែលកំពុងសម្រាកព្យាបាលទាំងអស់ឆាប់ទទួលបានការជាសះស្បើយ»។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរាគមន៍ និងការយកចិត្តទុកដាក់ជួយសង្រ្គោះបានទាន់ពេលវេលា ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះឧបទ្ទវហេតុនេះ។

សូមបញ្ចាក់ថាចំពោះ តុល្យការ​ចុងក្រោយ នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ចំនួន​៤៩​រូប ក្នុងនោះ​ស្លាប់​ចំនួន​២៥នាក់ (​ស្រី​៤​នាក់​) ហើយ​អ្នករងរបួស​ចំនួន​២៤​រូប (​ស្រី​២​នាក់​)​៕