គ្មាននរណាម្នាក់រំពឹងថា ខ្សែប្រយុទ្ធ Mohamed Salah បង្ហាញទម្រង់លេងយ៉ាងល្អសំរាប់រដូវកាលដំបូងរបស់គេនៅក្លឹបហង្សក្រហម ដោយកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះរកបាន ៣១គ្រាប់ហើយសំរាប់ការបង្ហាញខ្លួននៅក្នុងរដូវកាលដំបូងសំរាប់ Liverpool។
ក្លឹបអង់គ្លេស បានព្យាយាមដាក់សំពាធទៅលើខ្សែប្រយុទ្ធរបស់ពួកគេធ្វើយ៉ាងណាអោយគេស្នាក់នៅបន្ដជាមួយក្លឹប ជាពិសេសបន្ទាប់ពីបាត់បង់កីឡាករឆ្នើម Philippe Coutinho កាលពីខែមករាកន្លងទៅ។
Salah ក្លាយជាកីឡាករលេចធ្លោរមួយរួបនៅក្នុងលីគកំពូលអង់គ្លេស សំរាប់រដូវកាលនេះ ដែលធ្វើអោយក្លឹបយក្សអេស្ប៉ាញ Real Madrid ចាប់អារម្មណ៍ចង់បានរូបគេទៅលេងនៅ Bernabeu។
ទោះបីជាយ៉ាងណាក្ដី ក្លឹប Liverpool ក៏ព្រួយបារម្ភអំពីបញ្ហនេះដែរ ហើយបើតាមការរាយការណ៍ពីកាសែត Daily Express បានអោយដឹងថា ហង្សក្រហមបានរៀបចំកុងត្រាថ្មីអោយកីឡាករឆ្នើមរបស់ពួកគេ។
បើតាមប្រភពនោះដដែលក៏បានបញ្ជាក់ផងដែរថា កីឡាករវ័យ២៥ឆ្នាំរូបនេះ មានបំណងលេងបន្ដនៅទឹកដី Anfield ដែលគេមានក្ដីស្រមៃចង់រួមរស់នៅទីនោះតាំងពីរូបគេនៅជាកីឡាកររបស់ក្លឹប Chelsea នៅឡើយ។
គួររំលឹកថា Salah បានផ្ទេរពីក្លឹប Roma មកចូលរួមជាមួយនឹង Liverpool កាលពីរដូវក្ដៅកន្លងទៅ ក្នុងតំលៃ ៣០លានអឺរ៉ូ ហើយបើប្រៀបធៀបទៅនឹងទម្រង់លេងរបស់កីឡាករកំពូលល្បឿនរូបនេះ គួរតែមានតំលៃខ្ពស់ជាងនេះ៕
ប្រភព៖ Sport English