តាមរយៈគណនី Twitter ផ្លូវការរបស់អង្គការយូណេស្កូបានធ្វើសេចក្ដីប្រកាសថា ល្ខោនខោលវត្តស្វាយអណ្ដែត របស់កម្ពុជា ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាអំឡុងនៃសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨។
ល្ខោនដ៏ចំណាស់របស់ខ្មែរមួយនេះ ស្ថិតក្នុងចំណោមបញ្ជីបេតិកភណ្ឌអរូបីដែលត្រូវការសង្គ្រោះបន្ទាន់ (Urgent Safeguarding List)ដូចបេតិកភណ្ឌផ្សេងទៀតពីអាល់ហ្សេរី អាសែបៃហ្សង់ អេហ្ស៊ីប កេនយ៉ា ប៉ាគីស្ថាន និងស៊ីរី។
គួររម្លឹកផងដែរថាប្រទេសកម្ពុជា បានស្នើសុំចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។
ល្ខោនខោលជាប្រភេទល្ខោនយ៉ាងចំណាស់មួយក្នុងចំណោមទម្រង់សិល្បៈទស្សនីយភាពនៅកម្ពុជា ដែលមាននៅដើមសម័យអង្គរ។ គេជឿថា ល្ខោនដែលពាក់មុខខ្មុកសំដែងនេះ កើតឡើងនាអំឡុងសតវត្សទី៩ ដោយសំអាងលើចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត៕