Home ពត៍មានថ្មីៗ អាងអំណាចអាងខ្នងនៅតែជាប់ខ្នោះ!អ្នកបើករថយន្ត Lexus 570 ស្លាកលេខរដ្ឋ 07-2-8989 ដកកាំភ្លើងភ្ជង់អ្នកបើករថយន្តស្ទូចដែលស្ទូចឡានរបស់ខ្លួនទៅប៉ុស្តិ៍

អាងអំណាចអាងខ្នងនៅតែជាប់ខ្នោះ!អ្នកបើករថយន្ត Lexus 570 ស្លាកលេខរដ្ឋ 07-2-8989 ដកកាំភ្លើងភ្ជង់អ្នកបើករថយន្តស្ទូចដែលស្ទូចឡានរបស់ខ្លួនទៅប៉ុស្តិ៍

1120

បុរសម្នាក់ទំនងជាសមត្ថកិច្ចជាន់ខ្ពស់មួយរូប បានអាងអំនាចខ្លួនបំពានច្បាប់ បើករថយន្ដស៊េរីទំនើប Lexus 570 ពាក់ស្លាកលេខរដ្ឋ 07-2-8989 ទៅបុកសួន និងបង្គោលភ្លើងរបស់រដ្ឋ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាយប់ទាបភ្លឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បណ្ដាលឲ្យរងការខូចខាត។

ប៉ុន្ដែអ្វីដែលហួសចិត្តនោះ ម្ចាស់រថយន្ដរូបនេះ រួមជាមួយបក្ខពួកម្នាក់ទៀត បានបើករថយន្ដមួយគ្រឿងទៀត តាមរថយន្ដស្ទួចរបស់នគរបាលចរាចរណ៍ផ្លូវគោក ដែលដឹករថយន្ដរបស់ខ្លួន ទៅកាន់ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ និងបង់ផាកពិន័យនោះ បានដកកាំភ្លើងទៅភ្ជង់អ្នកបើករថយន្ដស្ទួច ឲ្យដឹករថយន្ដរបស់ខ្លួន យកទៅទុកនៅក្នុងផ្ទះ ដែលស្ថិតនៅផ្ទះលេខ R0204 ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

ករណីដ៏ព្រហើននេះ ត្រូវបានផ្អើលរហូតដល់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យនគរបាលចរាចរណ៍ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា ចុះទៅយករថយន្ដដែលបង្ក និងបំផ្លាញទ្រព្យសម្បត្តិមួយគ្រឿងនេះ ព្រមទាំងចាប់វាយខ្នោះអ្នកបើករថយន្ដស៊េរីទំនើប និងបក្ខពួក ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ដែលត្រូវចោទប្រកាន់ពីបទ ប្លន់យកវត្ថុតាង របស់សមត្ថកិច្ច។

នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយសមត្ថកិច្ចខណ្ឌឫស្សីកែវ ក្រោមការដឹកនាំសម្របសម្រួលរបស់ព្រះរាជអាជ្ញារង សៀង សុខ បានចុះទៅដល់ទីតាំងដែលជននេះ ភ្ជង់អ្នកបើករថយន្ដស្ទួចយកទៅទុកនៅផ្ទះរបស់ខ្លួនត្រឡប់មកវិញ និងបញ្ជូនជននេះ ដោយវាយខ្នោះដៃ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់វិធានការតាមផ្លូវច្បាប់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់នេះ បានបើករថយន្តមួយគ្រឿងម៉ាក Lexus 570 ពណ៌​ស​ពាក់ស្លាកលេខរដ្ឋ ​07-2-8989 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ​ក៏ជ្រុលចង្កូតឡើងឃឿន ទៅបុកចំបង្គោលភ្លើងមួយ​ដើម បណ្តាលឱ្យបាក់រីឯ​រថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ៕

ប្រភពពី៖Freshnews