ក្រុមហ៊ុន Apple ដែលលើកមុនថាមិនព្រមផ្ដល់ទិន្នន័យ អ្នកប្រើប្រាស់ iPhone ដែលជាឧក្រិដ្ឋជន ដោយឈរលើគោលការណ៍ការពារទិន្នន័យអ្នកប្រើប្រាស់ជានិច្ចនោះ បានបញ្ចេញមុខងារថ្មីលើ iOS 11.4 មានឈ្មោះថា “USB Restriced Mode” ដែលនឹងមិនអនុញ្ញាតឲ្យមានមានការយកទិន្នន័យចេញពីទូរសព្ទបានឡើយ ប្រសិនបើ iDevice ដូចជា iPhone, iPad និង iPod Touchមិនបានដោះសោរយៈពេល ៧ថ្ងៃ។
ក្រុមហ៊ុន Elcomsoft បានចេញមុខមកបញ្ជាក់ថា មុខងារនេះពិតជាមានដំណើរការលើ iDevice ដើរដោយ iOS 11.4 មែន ដោយមិនលោតចេញផ្ទាំង “Trust this computer” ដែលជាផ្ទាំងឲ្យអ្នកប្រើប្រាស់កំណត់កុំព្យូទ័រនេះគួរឲ្យទុកចិត្ត និងអាចបញ្ជូនទិន្នន័យទៅខាងក្រៅទៀតឡើយ។ រាល់ iDevice ដែល Elcomsoft បានយកមកតេស្ដនេះ គឺសុទ្ធតែទុកចោល ៧ថ្ងៃដោយមិនដោះសោសោះតែម្ដង។
តាមឯកសារក្រុមអ្នកអភិវឌ្ឍ iOS បានលើកឡើងថា៖ “ដើម្បីអាប់ដេតផ្នែកសុវត្ថិភាពឲ្យកាន់តែខ្ពស់ iDevice ដែលជាប់សោ ដែលចង់ភ្ជាប់ជាមួយឧបករណ៍នានាតាមរន្ធ USB ត្រូវភ្ជាប់ iDevice តាមរន្ធ Lightning ហើយត្រូវដោះសោ iDevice ឲ្យបានយ៉ាងហោចណាស់ម្ដងក្នុងមួយសប្ដាហ៍។
ដូច្នេះ ប្រសិនបើសមត្ថកិច្ចចង់ទាញយកព័ត៌មាននានាពី iDevice (iPhone, iPad, iPod Touch) ត្រូវធ្វើឲ្យបានលឿនក្នុងរយៈពេល ៧ថ្ងៃ មុនពេលដែល iDevice លែងចម្លងទិន្នន័យចេញក្រៅ ហើយទាមទាររកលេខកូដតែម្ដង។
គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា USB Restriced Mode បានបង្ហាញខ្លួនតាំងតែពី iOS 11.3 beta ប៉ុន្តែក្រុមហ៊ុនសម្រេចចិត្តមិនដាក់វិញនៅក្នុងជំនាន់ផ្លូវការរបស់ខ្លួនសម្រាប់ iOS 11.3 នោះ៕
ប្រភពពី៖Saby