វីដេអូថ្មីមួយដែលគេបានចែកចាយលើបណ្ដាញទំនាក់ទំនង Weibo ក្នុងសប្ដាហ៍នេះ ទំនងជាវីដេអូបង្ហាញពីរូបរាងរបស់ iPhone SE ជំនាន់ថ្មី ដែលគេជឿថា Apple នឹងប្រកាសចេញនៅខែឧសភា ខាងមុខ។
វីដេអូបានបង្ហាញពីរចនាបថ iPhone SE ជំនាន់ថ្មី ដែលមានរូបរាងមិនខុសពីមុន ប៉ុន្តែផ្នែកខាងក្រោយមានសភាពរលោងស្អាត ព្រោះតែផលិតឡើងពីសារធាតុកញ្ចក់ ដើម្បីជំនួយដល់ការសាកថ្មឥតប្រើខ្សែ ដូចជា iPhone 8/8 Plus និង iPhone X។
ទូរសព្ទដែលបានបង្ហាញមុខក្នុងវីដេអូ ក៏មានបំពាក់នូវរន្ធកាស 3.5 mm ដដែល ដែលចចាមអារ៉ាមបានចេញផ្សាយថារន្ធកាសនេះត្រូវបានដកចេញ។
ចំណុចមួយទៀតដែលខុសប្លែកពី iPhone SE ជំនាន់មុន គឺគេមិនឃើញមានរូបសញ្ញានានានៅខ្នងខាងក្រោយ ដោយមានតែអក្សរ “iPhone” មួយ ដែលដូចគ្នាទៅនឹងខ្នងខាងក្រោយរបស់ iPhone 8/8 Plus និង iPhone X ដែរ។